រថយន្ត Range Rover បើកបុកកង់បីនៅផ្លូវបំបែកជាបួន ក្រឡាប់ផ្ងារជើង បណ្តាលឱ្យម្ចាស់កង់បីរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ដែលសង្ស័យថាស្រវឹងស្រា បានបើករថយន្តម៉ាក Range Rover មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូកង់បីនៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យកង់បីក្រឡាប់ផ្ងារជើង និងម្ចាស់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលេខ១០៥ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1MN-4957 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវលេខ៣១០ ក្នុងទិសដៅពីលិចទៅកើត ដើម្បីឆ្លងកាត់ផ្លូវបំបែកជាបួន។ ខណៈកំពុងបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK-1468 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង បានជ្រុលទៅបុកម៉ូតូកង់បីយ៉ាងពេញទំហឹង បណ្តាលឱ្យកង់បីប៉ើងទៅមុខ និងក្រឡាប់ផ្ងារជើង និងធ្វេីឲ្យម្ចាស់កង់បីបានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

...

 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងយករថយន្ត ព្រមទាំងម៉ូតូកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print