ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលព័ត៌មានពីឈ្មោះ នួន ស៊ីណាត ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបាត់ប្អូនស្រីម្នាក់ឈ្មោះ នួន ស៊ីណែត អាយុ៤៣ឆ្នាំ ដែលបានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៍ខ្មៅ ទៅជាមួយឈ្មោះ ថៃ ម៉េងលី ហៅបូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លុះនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង០០នាទី សមត្ថកិច្ច និងសាច់ញាតិរបស់ឈ្មោះ នួន ណែត បានស្វែងរកឃើញសាកសពឈ្មោះ នួន ស៊ីណែត កប់ក្នុងដីចំការដំឡូងក្រោយផ្ទះរបស់ឈ្មោះ ថន គឹមលាង ភេទស្រី អាយុ៥៤ឆ្នាំ ត្រូវជាម្តាយរបស់ឈ្មោះ ថៃ ម៉េងលី ហៅបូ ស្ថិតក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយសាកសពមានស្នាមរបួសផុងលលាកក្បាលចំនួន០២កន្លែង និងបាត់បង់សំភារៈរួមមាន ៖ ខ្សែដៃ០១ខ្សែ (ផ្លាកទីន) ទម្ងន់៥ជី ខ្សែ ក០១ខ្សែ ទម្ងន់៣ជី (ផ្លាកទីន) និងប្រាក់ប្រហែល ១លានរៀល។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ថៃ ម៉េងលី ភេទប្រុស ត្រង់ចំណុច ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ខ្លួនពិតជាបានធ្វើសកម្មភាពទៅដឹកជនរងគ្រោះមកកោសខ្យល់អោយ ហើយក៏បានសុំជនរងគ្រោះរួមរ័ក្ស តែជនរងគ្រោះបដិសេធ ហើយរត់ បន្ទាប់មកខ្លួនក៏បានយកដំបងដេញតាមវាយពីក្រោយជនរងគ្រោះបណ្តាលឲ្យស្លាប់ និងបានយកដុំថ្មវាយពីលើក្បាលបន្ថែមទៀត ហើយក៏បានលួចយកប្រាក់ និងគ្រឿងអលង្ការបស់ជនរងគ្រោះ រួចក៏យកសាកសពទៅកប់នៅខាងក្រោយផ្ទះ និងចាក់ស៊ីម៉ងត៍ពីលើបន្ថែម។
បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ










