ខេត្តបាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អំណាចនៃការដោះស្រាយដោយគ្រាប់កាំភ្លើង វាមិនមានឥទ្ធិពលយូរអង្វែងទេ! វាអាចយកបានត្រឹមរយៈពេលខ្លី ប៉ុន្តែមិនអាចកាន់កាប់រយៈពេលវែងបានឡើយ ប្រសិនបើគ្មានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយកម្ពុជាដាច់ខាតមិនទទួលស្គាល់ការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមទឹកដីនោះទេ ព្រោះវាផ្ទុយនឹងច្បាប់អន្តរជាតិ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាគោលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការការពារបូរណភាពទឹកដីនៅតែជាកាតព្វកិច្ចចម្បងរបស់រាជរដ្ឋាភិបាល។ ទោះបីជាការប៉ះទង្គិចកន្លងមក បានធ្វើឱ្យកម្ពុជាបាត់បង់ការគ្រប់គ្រងជាក់ស្តែងនៅទីតាំងមួយចំនួន ដែលជាការសោកស្តាយ និងមានការលះបង់ឈាមស្រស់ សាច់ស្រស់របស់កងទ័ព ដើម្បីការពារគ្រប់មីលីម៉ែត្រនៃទឹកដីក៏ដោយ ក៏កម្ពុជាមិនដែលទទួលស្គាល់ ឬចុះហត្ថលេខាប្រគល់ឱ្យគេឡើយ។ ដរាបណាយើងមិនទាន់បានចុះហត្ថលេខា ទីតាំងទាំងនោះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា ហើយកម្ពុជានឹងបន្តតស៊ូតាមផ្លូវច្បាប់ និងយន្តការការទូតដើម្បីទាមទារមកវិញ។
ពាក់ព័ន្ធនឹងយន្តការបច្ចេកទេស សម្តេចធិបតី បានបញ្ជាក់ថា ភាគីទាំងពីរនៅតែមានយន្តការគណៈកម្មការចម្រុះព្រំដែន (JBC) និងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ដោយការងារវាស់វែងជាក់ស្តែងនៅចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ ត្រូវបានធ្វើឡើងរួចហើយ។ សម្តេចបានបញ្ជាក់បន្ថែមថា ថ្មីៗនេះ ប្រជាពលរដ្ឋថៃនៅចន្លោះបង្គោល ៥២-៥៩ បានចេញមកទាមទារសំណងពីរដ្ឋាភិបាលថៃ ដោយសារដីចម្ការមួយចំនួនរបស់ពួកគេត្រូវបានកាត់ចូលមកខាងកម្ពុជា ក្រោយការវាស់វែងច្បាស់លាស់។ ដូច្នេះ ការធ្វើរបង ឬការធ្វើផ្លូវ គឺភាគីនីមួយៗធ្វើនៅលើដីរបស់ខ្លួន ហើយកន្លែងណាដែលពលរដ្ឋយើងធ្លាប់ចូលទៅ គឺត្រូវដកថយមកវិញ ចំណែកកន្លែងណាដែលភាគីគេចូលមក គេក៏ត្រូវដកថយចេញដូចគ្នា។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស មិនចង់ឱ្យអូសបន្លាយពេលនោះទេ ក្នុងគោលដៅចម្បងគឺដើម្បីផ្តល់លទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ អាចវិលត្រឡប់ទៅរស់នៅលើទឹកដីស្របច្បាប់របស់ខ្លួនវិញ ព្រោះទោះបីជារដ្ឋាភិបាលមានលទ្ធភាពសាងសង់ផ្ទះថ្មី ៤ ទៅ ៥ពាន់ខ្នង ជូនពួកគាត់នៅកន្លែងថ្មីក៏ដោយ ក៏រដ្ឋាភិបាលនៅតែចង់ឱ្យពលរដ្ឋបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមលើដីស្របច្បាប់របស់ខ្លួនវិញដែរ៕
ដោយ ៖ សិលា











