ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៩និង០០នាទី នៅចំណុចក្រុមទី០៣ ភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើ ប្រាស់កាំបិតកែឆ្នៃ)១ កើតឡើងបង្កដោយជនសង្ស័យ ឈ្មោះ អាន សុដាវីត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើ សកម្មភាពប្រើកាំបិតកែឆ្នៃ កាប់ទៅលើជនរងគ្រោះ ឈ្មោះ វ៉ាត សាវ៉ុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនួន០២កាំបិត បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ចំចំហៀងសាច់ដុំដៃ លើកែងដៃទាំងសងខាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មាន កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើ ការស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អាន សុដាវីត ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចផ្ទះជនសង្ស័យ នៅវេលាម៉ោងប្រហែល០៩ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីសាកសួរតាមនីតិវិធី។
ក្រោយពីសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតកែឆ្នៃ កាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុខាងលើ ពិត ប្រាកដមែន។ មូលហេតុដោយសារជនសង្ស័យខឹងជនរងគ្រោះ ដែលបាននិយាយដៀមដាមថាខ្លួនជក់ និងលក់គ្រឿងញៀន។ វត្ថុតាងដកហូតបាន៖ កាំបិតកែឆ្នៃចំនួន០១ដើម។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










