តម្លៃទូរស័ព្ទ iPhone 17 Pro របស់ Apple នៅទីផ្សារទូរសព្ទមួយទឹកក្នុងប្រទេសវៀតណាម បានធ្លាក់ចុះចំនួន ៨,២៣ លានដុង (ប្រហែល ៣១២ ដុល្លារអាមេរិក) ឬ ២៣,៥% បើធៀបនឹងតម្លៃដាក់លក់ដំបូង។ នេះគឺជាការធ្លាក់ចុះតម្លៃខ្លាំងបំផុតក្នុងចំណោមម៉ូដែលដែលបានចេញលក់កាលពីឆ្នាំមុន។
ម៉ូដែលទំហំផ្ទុក ២៥៦GB ដែលចាប់ផ្តើមលក់ក្នុងតម្លៃ ៣៥ លានដុង កាលពីខែកញ្ញា ឆ្នាំ ២០២៥ ត្រូវបានដាក់លក់ក្នុងទីផ្សារអនឡាញវៀតណាម Cho Tot ក្នុងតម្លៃជាមធ្យម ២៦,៧៧ លានដុង កាលពីខែមុន។
យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research ទូរស័ព្ទ iPhone 17 Pro ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកក្នុងត្រីមាសទី២ ឆ្នាំ ២០២៦។
សារព័ត៌មាន Znews បានរាយការណ៍ថា iPhone 17 Pro មានការធ្លាក់ចុះតម្លៃខ្លាំងបំផុតក្នុងចំណោមម៉ូដែលចំនួន ១៧ ដែលត្រូវបានសិក្សា ដោយផ្អែកលើទិន្នន័យប្រកាសលក់ទូរសព្ទមួយទឹកនៅលើ Cho Tot ចន្លោះពីថ្ងៃទី ១ ដល់ថ្ងៃទី ២២ ខែកញ្ញា ដែលជារយៈពេលជិតនឹងការចេញលក់ស៊េរី iPhone 18 របស់ Apple។
ចំណែក iPhone 17 Pro Max ដែលមានតម្លៃដំបូង ៣៨ លានដុង ត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម ២៩,៨៥ លានដុង ពោលគឺធ្លាក់ចុះ ៨,១៥ លានដុង។
សម្រាប់ iPhone 17 ម៉ូដែលធម្មតា តម្លៃបានធ្លាក់ចុះតិចជាង គឺ ១៩,៩% ដោយតម្លៃមួយទឹកជាមធ្យមបានធ្លាក់មកនៅប្រហែល ២០ លានដុង។ រីឯ iPhone 17e ដែលចេញលក់ប្រហែល ៦ ខែមុន ត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម ១៥.២ លានដុង ធ្លាក់ចុះ ១៥,៦% ពីតម្លៃដំបូង ១៨ លានដុង។
ម៉ូដែលចាស់ៗធ្លាក់ថ្លៃកាន់តែខ្លាំង
ស្មាតហ្វូនជំនាន់មុនៗបានជួបប្រទះការធ្លាក់ចុះតម្លៃកាន់តែខ្លាំង។ iPhone 16 Pro Max ដែលចេញលក់កាលពីពីរឆ្នាំមុន ក្នុងតម្លៃ ៣៥ លានដុង ត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម ២១,៧ លានដុង។ ចំណែក iPhone 16 Pro ដែលមានតម្លៃដំបូងចាប់ពី ២៩ លានដុង បានធ្លាក់ចុះតម្លៃខ្លាំងជាង ដល់ ៣៩,២%។
iPhone 16 ម៉ូដែលធម្មតា និង iPhone 16 Plus បានធ្លាក់ចុះតម្លៃប្រហែល ៤២% ដោយតម្លៃមួយទឹកជាមធ្យមបានធ្លាក់មកនៅ ១៣,៣៨ លានដុង និង ១៥,១៦ លានដុង រៀងៗគ្នា។
សម្រាប់ស៊េរី iPhone 15 ដែលចេញលក់កាលពីបីឆ្នាំមុន តម្លៃមួយទឹកបានធ្លាក់ចុះប្រហែលពាក់កណ្តាល បើធៀបនឹងតម្លៃដំបូង។ iPhone 15 Pro Max មានតម្លៃជាមធ្យមប្រហែល ១៥,៦ លានដុង។
ចំណែកម៉ូដែលចាស់ៗមានតម្លៃថោកជាងច្រើន ដោយ iPhone 12, 13 និង 14 មួយទឹក ត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី ៤ ទៅ ៨ លានដុង ដែលស្ថិតក្នុងកម្រិតប្រហាក់ប្រហែលនឹងស្មាតហ្វូន Android តម្លៃសមរម្យ។ សូម្បីតែ iPhone X ដែលចេញលក់ក្នុងឆ្នាំ ២០១៧ ក៏នៅតែមានអ្នកដាក់ប្រកាសលក់ក្នុងតម្លៃប្រហែល ២ លានដុងដែរ។
ទិន្នន័យរបស់ Cho Tot បង្ហាញថា ជាទូទៅ ទូរសព្ទ iPhone ជួបប្រទះការធ្លាក់ចុះតម្លៃខ្លាំងបំផុតក្នុងរយៈពេលពីរបីឆ្នាំដំបូង បន្ទាប់ពីចេញលក់ ហើយអត្រាធ្លាក់ចុះនឹងថយចុះបន្តិចម្តងៗនៅពេលក្រោយ។
ទោះបីជាតម្លៃធ្លាក់ចុះក៏ដោយ iPhone នៅតែមានវត្តមានយ៉ាងខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនមួយទឹករបស់វៀតណាម ដោយមានសកម្មភាពទិញលក់បន្តខ្ពស់ និងអាចរក្សាតម្លៃបានល្អជាងស្មាតហ្វូន Android ប្រកួតប្រជែងជាច្រើន ជាពិសេសម៉ូដែលលំដាប់ខ្ពស់៕










