Clarence Seedorf វិលត្រឡប់មកកាន់ពិភពបាល់ទាត់ ក្នុងតួនាទីជាគ្រូបង្វឹក Corinthians

ចែករំលែក៖

ក្លិប Corinthians បានតែងតាំងអតីតខ្សែបម្រើក្រុមជម្រើសជាតិហូឡង់ Clarence Seedorf ជាគ្រូបង្វឹកថ្មីរបស់ខ្លួន។ នេះជាតួនាទីជាគ្រូបង្វឹកលើកដំបូងរបស់បុរសរូបនេះ ចាប់តាំងពីឆ្នាំ ២០១៩ មក។

 

Seedorf វ័យ ៥០ ឆ្នាំ បានចុះកិច្ចសន្យាជាមួយក្លិបរហូតដល់ចុងឆ្នាំ ២០២៧ ខណៈ Corinthians កំពុងឈរនៅចំណាត់ថ្នាក់លេខ ១៦ ក្នុងលីគកំពូលប្រេស៊ីល ពោលគឺនៅលើតំបន់ប្រឈមនឹងការធ្លាក់ក្របខណ្ឌតែមួយចំណាត់ថ្នាក់ប៉ុណ្ណោះ ហើយនៅសល់ការប្រកួតចំនួន ៨ លើកទៀត។

 

Seedorf នឹងចូលមកជំនួសអតីតគ្រូបង្វឹកស្តីទីក្រុមជម្រើសជាតិប្រេស៊ីល Fernando Diniz ដែលត្រូវបាន Corinthians បណ្តេញចេញកាលពីសប្តាហ៍មុន បន្ទាប់ពីក្លិបបានចាញ់ការប្រកួតក្នុងលីគចំនួន ៧ លើកជាប់ៗគ្នា។

 

តួនាទីជាគ្រូបង្វឹកចុងក្រោយរបស់ Seedorf គឺដឹកនាំក្រុមជម្រើសជាតិកាមេរូន កាលពីជាង ៧ ឆ្នាំមុន។ មុននេះ លោកក៏ធ្លាប់ដឹកនាំ AC Milan, Shenzhen FC និង Deportivo La Coruña ប៉ុន្តែមិនទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ឡើយ។

 

Seedorf បាននិយាយអំពីការតែងតាំងរបស់ខ្លួនថា៖ «ការទទួលយកបញ្ហាប្រឈមនេះ គឺជាកិត្តិយសមួយ ប៉ុន្តែក៏ជាការទទួលខុសត្រូវដ៏ធំធេងផងដែរ។ ខ្ញុំមកទីនេះដើម្បីប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងកសាងក្រុមមួយដែលតស៊ូដើម្បីបាល់គ្រប់គ្រាប់ រាល់នាទី និងជ័យជម្នះគ្រប់លើក»។

 

Seedorf នឹងទទួលបន្ទុកដឹកនាំក្រុម Corinthians ដែលមានអតីតកីឡាករ Manchester United ពីររូប គឺ Memphis Depay និង Jesse Lingard។

 

អតីតកីឡាករឆ្នើមហូឡង់រូបនេះបានប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់នៅឆ្នាំ ២០១៤ បន្ទាប់ពីបង្កើតអាជីពដ៏ត្រចះត្រចង់ ដោយឈ្នះពាន Champions League ចំនួន ៤ លើក រួមមាន ២ លើកជាមួយ AC Milan មួយលើកជាមួយ Real Madrid និងមួយលើកជាមួយ Ajax។

...

 

រហូតមកដល់បច្ចុប្បន្ន Seedorf នៅតែជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពាន Champions League ជាមួយក្លិប ៣ ផ្សេងគ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print