ប្រទេសអាស៊ែបៃហ្សង់ និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនកាលពីថ្ងៃចន្ទ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ខណៈនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្ថិតក្នុងតំបន់កូកាសខាងត្បូងមួយនេះ។
ឯកសារទាំងនេះត្រូវបានចុះហត្ថលេខាក្នុងពិធីមួយនៅទីក្រុងបាគូ ដោយមានការចូលរួមពីប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។
កិច្ចព្រមព្រៀងទាំងនោះរួមមាន កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាលើប្រាក់ចំណូល និងការទប់ស្កាត់ការគេចវេះពន្ធ ព្រមទាំងកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ជាមួយគ្នានេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ែបៃហ្សង់ និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ថ្លែងនៅក្នុងវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជា នៅទីក្រុងបាគូ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ែបៃហ្សង់ លោក Mikayil Jabbarov បានឱ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការលើកកម្ពស់ និងការការពារការវិនិយោគទៅវិញទៅមក កំពុងត្រូវបានរៀបចំ ហើយរំពឹងថានឹងអាចបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ។
កិច្ចព្រមព្រៀងទាំងនេះត្រូវបានរំពឹងថានឹងជួយបង្កើនឱកាសធ្វើពាណិជ្ជកម្ម ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញការវិនិយោគទៅវិញទៅមករវាងកម្ពុជា និងអាស៊ែបៃហ្សង់៕










