ទោះបីជាមានការថ្កោលទោស និងការព្រមានពីអន្តរជាតិក៏ដោយ ក៏កងកម្លាំងហ៊ូធីនៅយេម៉ែននៅតែបន្តវាយប្រហារថ្មីលើអារ៉ាប៊ីសាអូឌីត រួមទាំងរដ្ឋធានីរីយ៉ាដរបស់ខ្លួនផងដែរ។
ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែនបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ហ៊ូធីនៅក្នុងតំបន់រីយ៉ាដ។ ប្រហែលមួយម៉ោងមុននេះ ក្រុមចម្រុះក៏បានប្រកាសផងដែរថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលផ្លោងរបស់ហ៊ូធីចំនួនពីរគ្រាប់ ដែលបាញ់ចេញពីប្រទេសយេម៉ែន ឆ្ពោះទៅកាន់តំបន់ដារ៉ាន និងហារ៉ាដ នៅភាគខាងកើតអារ៉ាប៊ីសាអូឌីត។
សរុបមក នៅថ្ងៃទី១៣ ខែតុលា ក្រុមចម្រុះអារ៉ាប៊ីសាអូឌីត-យេម៉ែន បានបាញ់ទម្លាក់មីស៊ីលផ្លោងចំនួនប្រាំមួយគ្រាប់ និងយន្តហោះគ្មានមនុស្សបើកអត្តឃាតចំនួនប្រាំមួយគ្រឿង ដែលបាញ់ដោយក្រុមហ៊ូធីឆ្ពោះទៅកាន់អារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណាក៏ដោយ ការស្លាប់ និងការខូចខាតពីការវាយប្រហារទាំងនេះមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេ។ កងកម្លាំងហ៊ូធីក៏មិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងការវាយប្រហារនេះដែរ។
ដូចដែលបានរាយការណ៍ពីមុន ក្រុមឧទ្ទាមហ៊ូធីបានបើកការវាយប្រហារដ៏សាហាវជាបន្តបន្ទាប់ទៅលើអារ៉ាប៊ីសាអូឌីត រួមទាំងការកំណត់គោលដៅអាកាសយានដ្ឋានអន្តរជាតិឃីងខាលីដនៅទីក្រុងរីយ៉ាដ។ ជាពិសេស ការវាយប្រហារលើអាកាសយានដ្ឋានឃីងខាលីដក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៤នាក់មកពី ១០ សញ្ជាតិផ្សេងៗគ្នា និងរបួសជាង៣០០នាក់ផ្សេងទៀត។ ប្រតិបត្តិការអាកាសយានដ្ឋានត្រូវបានរំខានទាំងស្រុង ហើយជើងហោះហើររាប់រយត្រូវបានលុបចោល។
អង្គការសហប្រជាជាតិ រួមជាមួយប្រទេសក្នុងតំបន់និងអន្តរជាតិជាច្រើន បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់ក្រុមហ៊ូធី ដោយចោទប្រកាន់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអុីរ៉ង់ថាបានរំលោភច្បាប់អន្តរជាតិ និងទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពទាំងអស់ប្រឆាំងនឹងជនស៊ីវិលនិងគោលដៅជនស៊ីវិល។ ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក បានទុកលទ្ធភាពនៃការអន្តរាគមន៍យោធាដើម្បីបង្ក្រាបក្រុមឧទ្ទាមហ៊ូធី៕ ដោយធីរីណា

រូបថត: Reuters









