ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៨:១០នាទី មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការមកដល់ចំណុចផ្លូវបេតុង ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយបានជិះម៉ូតូវ៉ារថយន្តមួយគ្រឿងធ្វើឱ្យសាចទឹកដាក់រថយន្ត ខណៈនោះអ្នកបើកបររថយន្តក៏ស្រែកជេរ ហើយអ្នកជិះម៉ូតូក៏បានឈប់ម៉ូតូបម្រុងនឹងសួរនាំ ភ្លាមនោះអ្នកបើករថយន្តបានបើករថយន្តមកស្ទាក់មុខម៉ូតូជនរងគ្រោះ ហើយបានចុះមកទះមួយកំផ្លៀងចំមុខជនរងគ្រោះ បន្ទាប់មកក៏បើកឡានចេញទៅបាត់ ។
ក្រោយពេលទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក សមត្ថកិច្ចនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីសួរនាំជុំវិញករណីខាងលើ។
ក្រោយពីសមត្ថកិច្ចបានសួរនាំភាគីទាំងសងខាងរួចហើយ ពួកគាត់ក៏បានសំណូមពរមកសមត្ថកិច្ចស្នើសុំសម្របសម្រួលគ្នា យល់ព្រមបញ្ចប់រឿង មិនធ្វេីការ ប្តឹងផ្ដល់ គ្នានោះទេ៕ ដោយ៖ សីហា សែនសុខ










