មន្ទីរធនធានទឹកខេត្តពោធិ៍សាត់៖ កម្ពស់ទឹកស្ទឹងពោធិ៍សាត់កើនដល់កម្រិតប្រកាសអាសន្ន អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងបន្ទាន់ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដោយបញ្ជាក់ថា កម្ពស់ទឹកស្ទឹងបានកើនឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារឥទ្ធិពលភ្លៀងធ្លាក់ជាប់ៗគ្នា និងជំនន់ទឹកភ្លៀងហូរចុះពីតំបន់ជួរភ្នំ។

តាមការសង្កេត និងតាមដានស្ថានភាពធាតុអាកាស ខេត្តពោធិ៍សាត់បានទទួលរងឥទ្ធិពលពីព្យុះទី២៨ ឈ្មោះ «ណូឡូ (Nolo)» និងព្យុះទី២៩ ឈ្មោះ «កូហ្គូម៉ា (Koguma)» ដែលបានបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

យោងតាមការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់នឹងមានពពកច្រើន និងភ្លៀងធ្លាក់រាយប៉ាយទូទាំងខេត្ត លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាពិសេស តំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ អាចទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតខ្ពស់ ដែលបង្កឱ្យទឹកហូរចាក់ចូលស្ទឹងពោធិ៍សាត់ និងធ្វើឱ្យកម្ពស់ទឹកកើនឡើងជាបន្តបន្ទាប់ ព្រមទាំងអាចបង្កឱ្យមានគ្រោះទឹកជំនន់។

ដើម្បីត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះទឹកជំនន់ដែលអាចកើតមាន មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមមានក្រុង ស្រុក ឃុំ និងសង្កាត់ ឱ្យត្រៀមរៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ មន្ទីរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋតាមដានព័ត៌មានបច្ចុប្បន្នភាពអាកាសធាតុ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានជាប្រចាំ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print