ខេត្តឧត្តរមានជ័យ÷កាលពីកន្លងទៅថ្មីៗនេះ បន្ទាប់ពីទទួលព័ត៌មានបានលោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានចាត់កម្លាំងផែនការងារនគរបាលយុត្តិធម៌ ចុះស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហឿន ឧត្ដម ហៅដំ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានធ្វើសកម្មភាពលួចគាស់ផ្ទះ យកអាគុយ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ជ័យ ឈៀ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១០ និង២០នាទីថ្ងៃ។ នៅពេលកំពុងធ្វើ សកម្មភាពដោះយកអាគុយត្រូវបានម្ចាស់ផ្ទះទៅទាន់ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកកង់ ១ គ្រឿង បន្ទាប់មកត្រូវបានកម្លាំងនគរបាលស្រុកស្រាវជ្រាវឃាត់ខ្លួនបាន។
យោងតាមចម្លើយសារភាព និងការស្រាវជ្រាវ ឃើញថាជនសង្ស័យនេះ ជាមុខសញ្ញាសកម្មធ្លាប់លួចគាស់ផ្ទះ និងលួចរបស់របរប្រជាពលរដ្ឋជាញឹកញាប់ ហើយកន្លងមកក៏ធ្លាប់ជាប់គុកហើយដែរ តែមិនរាងចាល នៅតែធ្វើសកម្មភាពលួចដដែល ដោយបន្លំខ្លួនជាអ្នក ដើររើសអេតចាយតាមផ្ទះ និងធ្វើខ្លួនជាលក្ខណៈសតិមិនគ្រប់។
នៅពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការស្រាវជ្រាវដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ កង់ចំនួន ២គ្រឿង , ញញួរចំនួន៣ ,ដង្កាប់ចំនួន៤ , កាំបិតចិត្តបន្លែ១, ពូថៅចំនួន១, កន្ត្រៃ៣ , ទុលល្វីស១ , សោរចំនួន៧ និងសម្ភារផ្សេងៗមួយចំនួន
ករណីនេះ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕










