ខេត្តសៀមរាប៖ ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់លោកវរសេនីយ៍ ទោ អ៊ុច សុខេន អធិការនគរបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ និងនាំខ្លួនក្រុមក្មេងទំនើងចំនួន៣នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវហាយវ៉េលេខ៦៦ ដែលបង្កហានិភ័យដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
ក្រោយពីបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងចាត់វិធានការតាមនីតិវិធី ដោយមានការចូលរួមពីអាណាព្យាបាល ព្រមទាំងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រព្រឹត្តអំពើដែលបង្កការរំខាន និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។ ជាមួយគ្នានេះ ម៉ូតូដែលប្រើប្រាស់ក្នុងសកម្មភាពបង្ហោះខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចដកហូត និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន រយៈពេល៣ខែ មុននឹងប្រគល់ជូនម្ចាស់វិញ ស្របតាមវិធានការដែលបានកំណត់។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមអំពាវនាវដល់យុវជនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ មិនត្រូវធ្វើសកម្មភាពបង្ហោះម៉ូតូ ឬប្រព្រឹត្តអំពើណាមួយដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃឡើយ។ ជាពិសេស សូមមាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់អប់រំ ណែនាំកូនចៅឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ និងការទទួលខុសត្រូវ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕










