ភ្នំពេញ÷ឪពុកម្តាយខំវេចអង្ករនិងមាន់ស្រែទុកឲ្យកូនហូបពេលត្រលប់មកធ្វើការនៅភ្នំពេញវិញ អកុសលចេញពីស្រុកមកដល់ភ្នំពេញវិញហើយត្រូវរថយន្តធុនធំមួយគ្រឿងបុកកិនស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ចំណែកមាន់ស្រែនិងអង្ករខ្ចាយពេញផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ កែងនិងផ្លូវបេតុង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជិវិតខាងលើនេះមានឈ្មោះ ថេង សារូ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិបឹង ឃុំចើងដើង. ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ចំណែកអ្នករងគ្រោះម្នាក់ទៀតមានឈ្មោះជួន សុខឡែន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រមានស្រុកកំណើតជាមួយគ្នា។
យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះទាំង២ នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាសេ ១២៥ព៍ណ ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1IN-7579 ជីះឌុបគ្នាចេញពីស្រុកកំណើតឯខេត្តកំពង់ធំឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំនុចកើតហេតុក៏មានរថយន្តធុនធំសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ផ្លាកលេខ. កំពង់ស្ពឺ 3A-1742 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ខណៈរថយន្តបត់ ឆ្វេងចូលមកផ្លូវបេតុងក៏បានបុកកិនម៉ូតូនិងជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
បន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តបម្រុងនិងចុះរត់គេចខ្លួនតែត្រូវបានអ្នកដំណើរដែលបានឃើញហេតុការណ៍ខាងលើនាំគ្នាជួយចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិសែនជ័យនិងកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យនិងវាស់វែងនៅទីតាំងកើតហេតុខាងលើ និងបានធ្វើកឱណត់ហេតុប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕










