ខេត្តកំពង់ស្ពឺ÷ ក្រុមក្មេងទំនើង៣នាក់ធ្វើ សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្រ្កាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈ ពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេ បញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូតាមទីសាធារណៈដែលជាហេតុបង្កឲ្យមានភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្កភាពអណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។
ជាក់ស្តែង កម្លាំងនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់÷ទី១មានឈ្មោះ ចាន់រ៉ា វ៉ាន់ឌី ភេទប្រុស អាយ១៧ឆ្នាំ មុខរបរបញ្ចូលហ្គាស និងទី២ឈ្មោះ សៅ សំណាង ភេទប្រុស អាយ១៧ឆ្នាំ មុខរបរលើអីវ៉ាន់ពាក់ ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២:៣០នាទី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ព្រម ទាំងចាប់យកវត្ថុតាងបានរួមមាន÷ម៉ូតូ ចំនួន០១ គ្រឿងនិងទូរស័ព្ទចំនួន០២គ្រឿង។
ចំណែកក្មេងទំនើងម្នាក់ទៀត ត្រូវបានកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងនាំខ្លួនជនសង្ស័យឈ្មោះ យន់ វុទ្ធី ភេទប្រុស អាយ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ០០:០៤នាទី ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២៦ នៅចំណុចភូមិគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងចាប់យកវត្ថុតាងបានរួមមាន: ម៉ូតូចំនួន០១គ្រឿងនិងទូរស័ព្ទ ចំនួន០១គ្រឿងថែមទៀត។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូ យកមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕
ដោយ៖ សុរិយា










