សារព័ត៌មាន AFP បានផ្សាយថា តាមតួលេខអ្នកស្លាប់ចុងក្រោយ ដែលអាជ្ញាធររដ្ឋាភិបាលម៉ិកស៉ិក បានប្រកាសកាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា មនុស្សយ៉ាងហោច៨នាក់បានស្លាប់ បន្ទាប់ពីព្យុះត្រូពិកឈ្មោះ Rachel បានបោកបក់កាត់តាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេសអាមេរិកខាងជើងមួយនេះ។
ចាប់តាំងតែពីសប្តាហ៍មុនមក ព្យុះ Rachel បាននាំមកនូវភ្លៀងធ្លាក់និងទឹកជំនន់ លើរដ្ឋ Baja California ភាគពាយព្យម៉ិកស៉ិក ដែលមានព្រំដែនជាប់សហរដ្ឋអាមេរិក។ មន្ត្រីយោធាម៉ិកស៉ិក បាននិយាយក្នុងសន្និសីទសារព័ត៌មានថា កងទ័ពជើងគោក និងកងទ័ពជើងទឹក កំពុងបន្តប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ខណៈមនុស្សពីរនាក់ទៀតនៅតែបាត់ខ្លួន។ រដូវព្យុះសង្ឃរា ឬព្យុះហឺរីខិនឆ្នាំនេះ នៅមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវគេរំពឹងថា នឹងមានសកម្មភាពខ្លាំងជាងធម្មតា ដោយសារបាតុភូតអាកាសធាតុ El Niño ដែលធ្វើឱ្យទឹកនៅផ្ទៃសមុទ្រឡើងកម្តៅ ហើយរំខានដល់លំនាំខ្យល់ និងទឹកភ្លៀង។
យោងតាមមជ្ឈមណ្ឌលតាមដានព្យុះរបស់សហរដ្ឋអាមេរិក បច្ចុប្បន្នមានព្យុះធំៗ២ផ្សេងទៀតកំពុងមានវត្តមាន នៅមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសម៉ិកស៊ិក គឺព្យុះ Simon កម្រិតទី១ និងព្យុះត្រូពិក Trudy។ ព្យុះ Simon បានបង្កឱ្យមាន ភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Jalisco និង Guerrero ដែលកាលពីពេលថ្មីៗនេះ មានបុរសអាយុ ៧១ឆ្នាំម្នាក់ បានស្លាប់ដោយសារបាក់រលំជញ្ជាំងអគារ។ បច្ចុប្បន្ន ព្យុះទាំងពីរនេះមិនត្រូវបានរំពឹងថា នឹងបោកបក់ដល់ដីគោកប្រទេសម៉ិកស៉ិក នោះទេ៕
រូបថត: TTXVN










