បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប រុះរើឧបករណ៍ខុសច្បាប់រាប់ពាន់ម៉ែត្រ និងចាក់លែងត្រី ៦០គីឡូក្រាម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងចម្រុះដឹកនាំដោយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដោយរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន រួមទាំងចាក់លែងត្រីចម្រុះទម្ងន់ ៦០គីឡូក្រាម ចូលក្នុងបឹងវិញ។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ក្រោមការដឹកនាំរបស់លោក ឌៀប ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល ដើម្បីទប់ស្កាត់សកម្មភាពនេសាទដែលបំពានច្បាប់ជលផល។

តាមលទ្ធផលនៃប្រតិបត្តិការ កម្លាំងចម្រុះបានរុះរើ និងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកចំនួន ៨របាំង ប្រវែងសរុប ២.០០០ម៉ែត្រ លបចំនួន ១៦គ្រឿង មាត់លប និងលូចំនួន ១៦មាត់ ព្រមទាំងបង្គោលចំនួន ១.៥០០ដើម។

មន្ត្រីជំនាញបានបញ្ជាក់ថា បទល្មើសនេសាទដែលបំពានច្បាប់ជលផលនឹងត្រូវបង្ក្រាបដោយមិនមានការលើកលែងឡើយ។ ជាមួយគ្នានេះ មន្ត្រីបរិស្ថានក៏បានបន្តចុះណែនាំប្រជានេសាទឱ្យយល់ដឹងពីច្បាប់ និងការហាមឃាត់ការដាក់ឧបករណ៍នេសាទលើសប្រវែងកំណត់ ព្រមទាំងសហការជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីការពារធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print