ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ខេត្តក្រចេះ ៖ ការពង្រឹងសមត្ថភាព សាមគ្គីភាព និងការទទួលខុសត្រូវរបស់កម្លាំងគណបក្សនៅមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការបន្តបេសកកម្មបម្រើប្រជាជន ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍឃុំ សង្កាត់ឱ្យកាន់តែរីកចម្រើន។ នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នាចុងសប្តាហ៍នេះ។

ពិធីសំណេះសំណាលនេះធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្រុកចិត្របុរី ដោយមានការចូលរួមពីលោក សុខ ចាន់ភក្តី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារគណបក្ស បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង១០ និងប្រធានសាខាបក្សភូមិនៃឃុំទាំង១០ ប្រមាណ ៣០០នាក់។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យដ៏មានសារៈសំខាន់ ព្រោះឃុំ សង្កាត់ជាថ្នាក់រដ្ឋបាលដែលមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយប្រជាពលរដ្ឋ និងពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

លោកបានបន្តថា ការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត មិនត្រឹមតែជាការរៀបចំកម្លាំងគណបក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ក្នុងនាមជាកម្លាំងនយោបាយដែលមានភារកិច្ចចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សត្រូវបន្តពង្រឹងការងារផ្ទៃក្នុង រក្សាសាមគ្គីភាព និងឯកភាព ព្រមទាំងលើកកម្ពស់សមត្ថភាពដឹកនាំ និងការរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់។ ទន្ទឹមនឹងនេះ ការបែងចែកភារកិច្ចឱ្យសមស្រប ការសម្របសម្រួលរវាងក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងសាខាបក្សភូមិ ព្រមទាំងការតាមដាន និងវាយតម្លៃលទ្ធផលការងារជាប្រចាំ គឺជាយន្តការសំខាន់ក្នុងការធានាឱ្យការអនុវត្តការងារនៅមូលដ្ឋានមានប្រសិទ្ធភាព និងសង្គតិភាព។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ជាមួយគ្នានេះ តួនាទី និងការទទួលខុសត្រូវរបស់កម្លាំងគណបក្សនៅមូលដ្ឋាន ត្រូវបង្ហាញតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ការស្តាប់មតិយោបល់ និងសំណូមពរ ការយល់ដឹងពីសុខទុក្ខ និងបញ្ហាប្រឈមរបស់សហគមន៍ ព្រមទាំងការចូលរួមស្វែងរកដំណោះស្រាយសមស្របតាមតួនាទី និងសមត្ថកិច្ចរៀងៗខ្លួន។ ការបំពេញភារកិច្ចដោយមានការទទួលខុសត្រូវ តម្លាភាព និងការគោរពច្បាប់ គឺជាមូលដ្ឋានសំខាន់ក្នុងការលើកកម្ពស់ទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ។

ប្រធានក្រុមការងារក៏បានបញ្ជាក់ថា ចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ការត្រៀមខ្លួនត្រូវផ្អែកលើការយល់ដឹងច្បាស់អំពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាឃុំ ការប្តេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ និងការគោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន ត្រូវការការចូលរួមពីគ្រប់ភាគី ការកំណត់អាទិភាពតាមតម្រូវការជាក់ស្តែង និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ការផ្សព្វផ្សាយព័ត៌មានអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត ក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ដោយជំរុញឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ស្វែងយល់ពីនីតិវិធីចុះឈ្មោះ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមការកំណត់របស់ស្ថាប័នមានសមត្ថកិច្ច។ ការលើកកម្ពស់ការយល់ដឹងនេះ រួមចំណែកដល់ការធានាឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់ខ្លួនបានត្រឹមត្រូវ និងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យស្របតាមច្បាប់។

ជារួម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា ការពង្រឹងការងារគណបក្សនៅមូលដ្ឋាន គឺជាកិច្ចការដែលទាមទារឱ្យមានការប្តេជ្ញាចិត្តជាបន្តបន្ទាប់ពីថ្នាក់ដឹកនាំ ក្រុមការងារ និងបេក្ខជនគ្រប់រូប។ ការរក្សាសាមគ្គីភាព ការបំពេញភារកិច្ចដោយមានការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាចំណុចសំខាន់ក្នុងការបន្តបេសកកម្មបម្រើប្រជាជន និងរួមចំណែកដល់ការអភិវឌ្ឍឃុំ សង្កាត់ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបនឹងតម្រូវការរបស់សហគមន៍៕

...

ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print