កម្ពុជា បើកទំព័រថ្មីនៃការទូតវប្បធម៌នៅសាធារណរដ្ឋប៊ុលហ្គារី និងតំបន់បាល់កង់ តាមរយៈការសម្ពោធ «ជ្រុងកម្ពុជា» នៅបណ្ណាល័យជាតិប៊ុលហ្គារី

ចែករំលែក៖

ប៊ុលហ្គារី៖ បើយោងតាមប្រភពព័ត៍មានពីឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ការទូតវប្បធម៌ និងការផ្សព្វផ្សាយអត្ត សញ្ញាណជាតិខ្មែរ នៅសាធារណរដ្ឋប៊ុលហ្គារី និងតំបន់បាល់កង់ តាមរយៈពិធីសម្ពោធជាផ្លូវការ «ជ្រុងកម្ពុជា – សៀវភៅ សិល្បៈ និងបេតិកភណ្ឌវប្បធម៌» (CAMBODIA CORNER – Books, Arts & Cultural Heritage) នៅបណ្ណាល័យជាតិ «សន្តស៊ីរីល និងសន្តមេថូឌី» (St. Cyril and St. Methodius National Library) កាលពីម្សិលមិញនេះ នៅក្នុងទីក្រុងសូហ្វៀ សាធារណរដ្ឋប៊ុលហ្គារី។

 

ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្រោមកិច្ចសហការរវាងស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងបណ្ណាល័យជាតិប៊ុលហ្គារី ដោយមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានាប្រចាំទីក្រុងសូហ្វៀ ថ្នាក់ដឹកនាំបណ្ណាល័យ តំណាងស្ថាប័នអប់រំ និងភ្ញៀវកិត្តិយសជាច្រើនរូប។

 

សម្រាប់ការបង្កើត «ជ្រុងកម្ពុជា» នេះ មិនត្រឹមតែជាការដាក់តាំងសៀវភៅ និងស្នាដៃសិល្បៈខ្មែរនៅក្នុងបណ្ណាល័យជាតិដ៏សំខាន់របស់ប៊ុលហ្គារីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតទីតាំងមួយសម្រាប់ផ្សព្វផ្សាយចំណេះ ដឹងអំពីប្រវត្តិសាស្ត្រ អរិយធម៌ អក្សរសាស្ត្រ សិល្បៈ និងបេតិកភណ្ឌវប្បធម៌ខ្មែរ ទៅកាន់សាធារណជនប៊ុលហ្គារី និងអ្នកសិក្សាស្រាវជ្រាវក្នុងតំបន់បាល់កង់។

 

ថ្លែងក្នុងពិធីសម្ពោធនេះ លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា (Dr. Kalina Ivanova) នាយិកាបណ្ណាល័យជាតិប៊ុលហ្គារី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ឯកអគ្គរាជទូតកម្ពុជា ក្នុងការបង្កើតជ្រុងអក្សរសាស្ត្រ និងវប្បធម៌កម្ពុជា នៅក្នុងបណ្ណាល័យជាតិ។ លោកស្រីបណ្ឌិតបានលើកឡើងថា ក្នុងសតវត្សរ៍ទី២១ ទោះបីជាបច្ចេកវិទ្យាឌីជីថល និងមធ្យោបាយធ្វើដំណើរមានការរីកចម្រើនយ៉ាងខ្លាំងក៏ដោយ សៀវភៅនៅតែជាមធ្យោបាយដ៏សំខាន់ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌របស់ប្រជាជាតិនានា។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា៖ «ចម្ងាយភូមិសាស្ត្ររវាងកម្ពុជា និងប៊ុលហ្គារី មិនមែនជាឧបសគ្គសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការយល់ដឹងអំពីគ្នាទៅវិញទៅមកឡើយ។ តាមរយៈសៀវភៅ មនុស្សអាចធ្វើដំណើរឆ្លងកាត់ពេលវេលា ស្វែងយល់ពីអតីតកាល និងស្គាល់ប្រទេសឆ្ងាយៗ ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ទីនោះដោយផ្ទាល់»។

 

ជាមួយគ្នានេះ លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា បានបញ្ជាក់ឱ្យដឹងថា នៅក្នុងបណ្តុំឯកសារប្រវត្តិសាស្ត្ររបស់បណ្ណាល័យជាតិប៊ុលហ្គារី ក៏មានស្នាដៃស្រាវជ្រាវ និងឯកសារចាស់ៗរបស់អ្នកប្រាជ្ញប៊ុលហ្គារី ដែលបានរៀបរាប់អំពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកស្រីបណ្ឌិតបានអះអាងថា នេះបង្ហាញថា ចំណាប់អារម្មណ៍របស់អ្នកសិក្សាស្រាវជ្រាវប៊ុលហ្គារីចំពោះកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ មានប្រវត្តិយូរអង្វែងមកហើយ។

 

លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា ក៏បានផ្តោតសារៈសំខាន់លើបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាពិសេសតាមរយៈអង្គការយូណេស្កូ (UNESCO)។ លោកស្រីបណ្ឌិតបានរំលេចអំពីតំបន់អង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់បុរាណវិទ្យាកោះកេរ ដែលជាសក្ខីភាពនៃភាពរុងរឿងរបស់អរិយធម៌ខ្មែរ។ ទន្ទឹមនេះ លោកស្រីបានលើកឡើងអំពីបណ្ណសារនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាឯកសារប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការកត់ត្រាទុក្ខវេទនារបស់ប្រជាជនកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ទៀតថា ការអភិរក្សឯកសារ និងបេតិកភណ្ឌប្រវត្តិសាស្ត្រ មិនមែនគ្រាន់តែជាការរក្សាទុកអតីតកាលនោះទេ ប៉ុន្តែជាការអប់រំមនុស្សជំនាន់ក្រោយឱ្យយល់ដឹងអំពីតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសារៈសំខាន់នៃការចងចាំប្រវត្តិសាស្ត្រ។

 

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត កាលីណា អ៊ីវ៉ាណូវ៉ា បានចាត់ទុកការបង្កើត «ជ្រុងកម្ពុជា» គឺជាការរួមចំណែកដ៏មានអត្ថន័យក្នុងការផ្តល់ឱកាសដល់អ្នកអាន និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនប៊ុលហ្គារី ឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកស្រីបណ្ឌិតនាយិកា ក៏បានថ្លែងអំណរគុណចំពោះឯកអគ្គរាជទូតកម្ពុជា ដែលបានផ្តួចផ្តើមគំនិតនេះ ព្រមទាំងបានសន្យាបន្តបន្ថែម និងធ្វើបច្ចុប្បន្នភាពសៀវភៅនៅក្នុងជ្រុងកម្ពុជា ជារៀងរាល់ឆ្នាំ។

 

លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបង្ហាញពីក្តីរំភើបយ៉ាងជ្រាលជ្រៅ ក្នុងការវិលត្រឡប់មកកាន់បណ្ណាល័យជាតិ ដែលលោកធ្លាប់មកអានសៀវភៅ និងសិក្សាស្រាវជ្រាវកាលពីជិត៤០ឆ្នាំមុន។ ក្នុងការថ្លែងសុន្ទរកថាជាភាសាប៊ុលហ្គារី លោកឯកអគ្គរាជទូត បានចាត់ទុកថា នេះគឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់ឯកឧត្តមជាមួយប្រទេស និងប្រជាជនប៊ុលហ្គារី ព្រមទាំងការគោរពចំពោះភាសា វប្បធម៌ និងប្រពៃណីរបស់ប្រទេសដែលលោកតែងតែចាត់ទុកថាជាមាតុភូមិទីពីររបស់ខ្លួន។

 

លោកឯកអគ្គរាជទូតបានរម្លឹកថា ក្នុងអំឡុងពេលជានិស្សិតនៅប្រទេសប៊ុលហ្គារី បណ្ណាល័យនេះជាកន្លែងដ៏សំខាន់មួយដែលបានរួមចំណែកដល់ការសិក្សា ការស្វែងរកចំណេះដឹង និងការបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ លោកឯកអគ្គរាជទូតបានថ្លែងសង្កត់ធ្ងន់ថា៖ «ពីនិស្សិតម្នាក់ដែលធ្លាប់មកទទួលចំណេះដឹង ថ្ងៃនេះ ខ្ញុំមានកិត្តិយស ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជា នាំយកចំណែកមួយនៃមាតុភូមិរបស់ខ្ញុំ មកតម្កល់នៅទីនេះ»។

 

លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានរម្លឹកផងដែរថា សម្រាប់ឯកឧត្តម ប្រទេសប៊ុលហ្គារីគឺជាមាតុភូមិទីពីរ ហើយរាល់ពេលវិលត្រឡប់មកប្រទេសនេះ ឯកឧត្តមមិនមានអារម្មណ៍ថាជាភ្ញៀវឡើយ ប៉ុន្តែមានអារម្មណ៍ដូចជាកំពុងវិលត្រឡប់មកផ្ទះរបស់ខ្លួនវិញ។ តាមរយៈសុន្ទរកថារបស់លោកឯកអគ្គរាជទូតនេះបានបង្ហាញពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងបុគ្គល ប្រវត្តិសាស្ត្រ ការអប់រំ និងការទូត ដែលបានក្លាយជាមូលដ្ឋាននៃការផ្តួចផ្តើមគំនិតបង្កើត «ជ្រុងកម្ពុជា» នៅក្នុងបណ្ណាល័យជាតិប៊ុលហ្គារី។

 

លោកឯកអគ្គរាជទូតសម្តែងក្តីសង្ឃឹមថា ជ្រុងកម្ពុជា នឹងក្លាយជាស្ពាននៃចំណេះដឹង មិត្តភាព និងការយល់ដឹងរវាងប្រជាជនកម្ពុជា និងប្រជាជនប៊ុលហ្គារី ព្រមទាំងបើកទូលាយដល់មិត្តភក្តិអន្តរជាតិទាំងអស់។

 

សូមជម្រាបជូនថា ក្នុងឱកាសពិធីសម្ពោធនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា បានរៀបចំសៀវភៅ និងស្នាដៃសិល្បៈ ចំនួន២៤ធាតុ តាមបញ្ជី ក្នុងនោះ មានសៀវភៅ១៩ធាតុ និងស្នាដៃសិល្បៈ ព្រមទាំងវត្ថុសិប្បកម្មចំនួន៥មុខ។

 

សៀវភៅដែលបានរៀបចំសម្រាប់ជ្រុងកម្ពុជា គ្របដណ្តប់លើប្រធានបទជាច្រើន ដូចជា ប្រវត្តិសាស្ត្រខ្មែរ អរិយធម៌អង្គរ ព្រះរាជវង្សខ្មែរ បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ ម្ហូបអាហារខ្មែរ និងបរិស្ថាន។ ចំពោះសៀវភៅទាំងនេះ នឹងផ្តល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវ និងអ្នកអានអន្តរជាតិ ក្នុងការស្វែងយល់អំពីអរិយធម៌ខ្មែរ ពីសម័យបុរាណរហូតដល់សម័យទំនើប។

 

ក្រៅពីសៀវភៅ ក៏មានស្នាដៃសិល្បៈ និងវត្ថុសិប្បកម្មខ្មែរដែលត្រូវបានរៀបចំសម្រាប់តាំងបង្ហាញ រួមមានគំនូរខ្នាតតូចបែបខ្មែរ ចម្លាក់ស្បែកប្រពៃណី ថូស្ពាន់ដែលមានក្បាច់រចនាខ្មែរ ចានស្ពាន់លម្អដោយរូបប្រាសាទអង្គរវត្ត និងផ្ទាំងចម្លាក់ស្ពាន់ដែលទទួលការបំផុសគំនិតពីក្បាច់ចម្លាក់ប្រាសាទអង្គរ។

 

ក្នុងឱកាសនេះដែរ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ក៏បានប្រគល់ជូននូវសៀវភៅស្តីពីប្រវត្តិសាស្ត្រ អរិយធម៌ សិល្បៈ និងបេតិកភណ្ឌវប្បធម៌កម្ពុជា ដល់មហាវិទ្យាល័យចំនួនពីរនៃសាកលវិទ្យាល័យសូហ្វៀ (Sofia University “St. Kliment Ohridski”) រួមមានមហាវិទ្យាល័យប្រវត្តិសាស្ត្រ (Faculty of History) និងមហាវិទ្យាល័យទស្សនវិជ្ជា (Faculty of Philosophy) ដោយផ្តោតលើការសិក្សាទស្សនវិជ្ជាសម័យបុរាណ និងសម័យទំនើប។ ការប្រគល់សៀវភៅជូននាពេលនេះ គឺជាការបន្ត និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការផ្នែកអប់រំ និងការស្រាវជ្រាវរវាងស្ថានឯកអគ្គរាជទូតកម្ពុជា និងស្ថាប័នអប់រំជាន់ខ្ពស់របស់ប៊ុលហ្គារី។

 

ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ក៏មានគោលបំណងជំរុញឱ្យនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវប៊ុលហ្គារី មានឱកាសសិក្សាស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រខ្មែរ អរិយធម៌អង្គរ ទស្សនវិជ្ជា ប្រពៃណី និងបេតិកភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានអះអាងបន្ថែមថា ការផ្តល់សៀវភៅដល់មហាវិទ្យាល័យទាំងពីរគឺជាការពង្រីកវិសាលភាពនៃគម្រោង «ជ្រុងកម្ពុជា» ពីបណ្ណាល័យជាតិ ទៅកាន់បរិយាកាសអប់រំថ្នាក់ឧត្តមសិក្សា ដើម្បីឱ្យចំណេះដឹងអំពីកម្ពុជា អាចចូលរួមចំណែកក្នុងសកម្មភាពសិក្សា ការបង្រៀន និងការស្រាវជ្រាវរបស់សាកលវិទ្យាល័យ។

...

 

លោកបានបន្ដថា សកម្មភាពនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងការប្រើប្រាស់វិស័យអប់រំវប្បធម៌ និងការផ្លាស់ប្តូរចំណេះដឹង ជាមធ្យោបាយសំខាន់សម្រាប់ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនប៊ុលហ្គារី។ លោកឯកអគ្គរាជទូតបានថ្លែងបន្ថែមថា៖ «ការបង្កើត “ជ្រុងកម្ពុជា” នៅបណ្ណាល័យជាតិប៊ុលហ្គារី មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការទូតវប្បធម៌កម្ពុជា និងអាចផ្តល់អត្ថប្រយោជន៍រយៈពេលវែងក្នុងវិស័យជាច្រើន»៕ ដោយ៖ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print