អ្នកនាំពាក្យរាជរដ្ឋាភិបាល ជំរាបជូនបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗស្តីពីសកម្មភាពការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងបូរណភាពទឹកដី

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជូនបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗស្តីពីសកម្មភាពការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិ ប្រជាជន និងបូរណភាពទឹកដី៖

 

ទី១. «កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទារអោយមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង។ ការងារនេះ មិនអាចធ្វើដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់ ឬដោយប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាន ដូចជាយកតាមទូរទស្សន៍ ឬបណ្តាញសង្គម, លឺគេថា, ឬតាមញ្ញាណពិសេស នោះទេ»។ នេះគឺជាសារបញ្ជាក់ច្បាស់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តាមហ្វេសប៊ុករបស់សម្តេច។

 

សម្តេចធិបតីបន្តថា ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។

 

សម្តេចនាយករដ្ឋមន្ត្រីដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសយ៉ាងមមាញឹក ក៏បានឆ្លៀតជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជានិងថៃ។ កិច្ចប្រជុំកំពុងប្រព្រឹត្តទៅ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ នៅឯវិមានសន្តិភាព ទីស្នាក់ការកណ្ដាលនៃតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់។

 

សូមបញ្ជាក់ជូនថា គោលបំណងចម្បងរបស់កម្ពុជា គឺសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ កម្ពុជាមានចេតនាចុះសន្ធិសញ្ញាជាមួយថៃដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលគ្របដណ្ដប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ប្រកបដោយសមធម៌ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។

 

ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសណាមួយដូចបានលើកឡើងខាងលើ កម្ពុជាស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ និងមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិនឹងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី។ លទ្ធផលនៃកិច្ចប្រជុំ នឹងត្រូវគណៈកម្មការផ្សះផ្សាប្រកាសឱ្យដឹងនៅពេលខាងមុខនេះ។

 

ទី២. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយលោកជំទាវបណ្ឌិតនិងគណៈប្រតិភូជាន់ខ្ពស់កំពុងបន្តដំណើរទស្សនកិច្ចផ្លូវការនៅក្នុងសាធារណរដ្ឋកាហ្សាក់ស្ថានដែលជាប្រទេសចុងក្រោយ បន្ទាប់ពីអាស៊ែបៃហ្សង់ និងតួកគីយ៉េ និងបន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ នៃប្រទេសអាស៊ែបៃហ្សង់។ ដំណើរទស្សនកិច្ចដ៏វែងនេះ គឺដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏ស្វះស្វែងរកការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។

 

ជាក់ស្តែង ក្នុងវេទិកាធុរកិច្ចរវាងកម្ពុជានិងបណ្តាប្រទេសទាំងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចជាកម្លាំងពលកម្មប្រកបដោយថាមវន្ត, បរិយាកាសធុរកិច្ចមានអំណោយផលនិងការលើកទឹកចិត្ត, ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល,ទីតាំងយុទ្ធសាស្ត្រនិងការតភ្ជាប់, ការទទួលបានទីផ្សារក្នុងតំបន់និងសកល, ចីរភាពថាមពល និងកំណើនបៃតង ជាដើម។ សម្តេចធិបតីក៏បានអញ្ជើញវិនិយោគិនទាំងនោះឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅកម្ពុជា។

...

 

សម្តេចធិបតីក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតី អ៊ូសបេគីស្ថាន គៀហ្ស៊ីស៊ីស្ថាន និងអ៊ីស្រាអែល ជាដើម ព្រមទាំងបានជួបផ្លាស់ប្តូរយោបល់ជាមួយឥស្សរជន ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត នៅក្រៅកិច្ចប្រជុំកំពូល ដើម្បីបញ្ជាក់ពីការរឹតចំណងការទូត និងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំឡើងថែមទៀត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print