ភ្នំពេញ ៖ យោងតាមសារលិខិតជូនពររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ផ្ញើជូនសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសសិរីមង្គល ដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុរបស់សម្តេចមហាបវរធិបតី ដែលនឹងឈានចូល មកដល់នៅថ្ងៃ ទី ២០ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាក់ថា សម្តេចធិបតី គឺជាប្រមុខរាជរដ្ឋាភិបាលដែលបាន និងកំពុងដឹកនាំជោគវាសនា ប្រទេសជាតិដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា។
សម្តេចធិបតី ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្ត ស្មោះស្ម័គ្រ ក្នុងការថែរក្សា កេរមរតក ចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិនិងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។ ទន្ទឹមនេះ ក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខចម្រើន នៃជាតិនិងប្រជាជន សម្តេចធិបតី បានបង្ហាញភាពប៉ិនប្រសប់ក្នុងទំនាក់ទំនងអន្តរជាតិ ភាពចាស់ទុំនយោបាយ និង គតិបណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បី ភាព សុខ ដុម របស់មនុស្សជាតិ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាទទួលបានជោគ ជ័យត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ អន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលការណ៍នេះបានបង្ហាញពីការទទួលបាននូវការជ្រួតជ្រាប និង សេចក្តីទុកចិត្តពីបណ្តាប្រទេសនានាមកលើកម្ពុជា ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សម្តេចតេជោបានបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សា ប្រោះ ព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេច មហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសាច់ញាតិក្រុមគ្រួសារបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា










