ខេត្តមណ្ឌលគិរី៖ ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវ និងសកម្មភាពមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ក្នុងការចុះអន្តរាគមន៍បន្ទាន់ ជួយសម្រាលកូនជូនស្ត្រីម្នាក់ដែលមិនអាចមកកាន់មណ្ឌល សុខភាពទាន់ពេលវេលា រហូតទទួលបានជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយ និងទារក។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៦ ក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាតំបន់ដាច់ស្រយាលមួយមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីមណ្ឌលសុខភាព។ ផ្លូវធ្វើដំណើរទៅកាន់ទីនោះមានភាពលំបាកយ៉ាងខ្លាំង ដោយត្រូវឆ្លងកាត់ផ្លូវភក់ល្បាប់ ភ្នំ ថ្ម និងអូរជាច្រើនកន្លែង។
ទោះបីជាជួបឧបសគ្គលើការធ្វើដំណើរក៏ដោយ ក្រុមឆ្មបជំនាញបានខិតខំធ្វើដំណើរទៅដល់មូលដ្ឋានដោយផ្ទាល់ និងបានរៀបចំការផ្តល់ការថែទាំតាមបច្ចេកទេស ព្រមទាំងជួយសម្រាលកូនជូនស្ត្រីជាម្តាយនៅទីតាំង «រោងចាំចំការ» មួយកន្លែងយ៉ាងយកចិត្តទុកដាក់បំផុត។ ជាលទ្ធផល ការសម្រាលបានប្រព្រឹត្តទៅដោយសុវត្ថិភាពទាំងម្តាយ និងទារក។
បច្ចុប្បន្ននេះ ស្ត្រីជាម្តាយ និងទារក មានសុខភាពល្អប្រសើរ ហើយកំពុងស្ថិតក្រោមការតាមដាន និងថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់បន្ថែមទៀតពីក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពក្រង់តេះ។
វីរភាព និងសកម្មភាពដ៏ប្រពៃនេះ គឺជាគំរូដ៏ល្អផ្ដើមចេញពីស្មារតីទទួលខុសត្រូវ ប្រកបដោយគុណធម៌ មនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈខ្ពស់របស់គ្រូពេទ្យខេត្តមណ្ឌលគិរី ដែលតែងតែត្រៀមខ្លួនជាស្រេចក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា៕










