Harry Kane ស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើកទី១០០ នៅ Bundesliga ខណៈ Luis Diaz រកបានបីគ្រាប់ ជួយ Bayern Munich លត់ RB Leipzig ៦-១

ចែករំលែក៖

Harry Kane បានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើកទី១០០ របស់ខ្លួននៅក្របខណ្ឌ Bundesliga ខណៈ Luis Diaz ស៊ុតបាន ៣ គ្រាប់ម្នាក់ឯង ជួយ Bayern Munich បំបាក់ RB Leipzig ក្នុងលទ្ធផល ៦-១ និងឡើងឈរកំពូលតារាង។

 

គ្រាប់បាល់របស់ Luis Diaz, Aleksandar Pavlovic និង Michael Olise បានជួយឱ្យ Bayern គ្រប់គ្រងការប្រកួតមុនចប់តង់ទី១។ បន្ទាប់មក Diaz បានបំពេញការស៊ុត Hat-trick របស់ខ្លួន ខណៈ Kane ក៏បានអបអរការបង្ហាញខ្លួនគម្រប់ ១០០ ប្រកួតនៅ Bundesliga ដោយស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។

 

ក្រុមរបស់លោក Vincent Kompany បានឈានចូលការប្រកួតនេះ បន្ទាប់ពីទទួលបានលទ្ធផលស្មើដ៏ខកចិត្តជាមួយ Augsburg ក្នុង Bundesliga និងក្រុម Viking របស់ន័រវែស ក្នុងពានរង្វាន់ Champions League។ លទ្ធផលទាំងនេះបានបង្កឱ្យមានការចោទសួរអំពីភាពរឹងមាំនៃប្រព័ន្ធការពាររបស់ Bayern។

 

ទោះជាយ៉ាងណា បន្ទាប់ពីបាត់បង់ ៤ ពិន្ទុក្នុងការប្រកួតលីគ ៥ លើកដំបូងរដូវកាលនេះ ដែលស្មើនឹងចំនួនពិន្ទុដែលពួកគេបានបាត់បង់ក្នុងការប្រកួត ១៧ លើកដំបូងកាលពីរដូវកាលមុន ម្ចាស់ជើងឯក Bundesliga បានបង្ហាញទម្រង់លេងដ៏ខ្លាំងក្លារបស់ខ្លួនឡើងវិញ ដោយគ្រប់គ្រងការប្រកួតលើ Leipzig យ៉ាងលេចធ្លោ។

 

នៅនាទីទី១២ Diaz បានរត់ទៅទទួលបាល់បញ្ជូនលើខ្សែការពារយ៉ាងប៉ិនប្រសប់ពី Joshua Kimmich រួចស៊ុតផុតដៃអ្នកចាំទី RB Leipzig គឺ Maarten Vandevoordt បើកការនាំមុខឱ្យ Bayern។ បន្ទាប់មក ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះបានប្តូរតួនាទីជាអ្នកបញ្ជូនបាល់ ដោយបញ្ជូនឱ្យ Pavlovic ស៊ុតយ៉ាងខ្លាំងចូលជ្រុងជិតរបស់ទី។

 

Olise បានបន្ថែមគ្រាប់ទី៣ មុនចប់តង់ទី១ ដោយស៊ុតបាល់ចូលជ្រុងខាងក្រោមនៃទី បន្ទាប់ពីសហការបញ្ជូនបាល់ជាមួយ Harry Kane ដែលបានថយមកតំបន់កណ្តាល ដើម្បីបង្កើតចន្លោះឱ្យមិត្តរួមក្រុម។

 

ការសម្រាកនៅចន្លោះតង់បានផ្តល់ឱ្យ Leipzig នូវឱកាសសម្រាកបណ្តោះអាសន្នប៉ុណ្ណោះ។ ត្រឹមតែ ៩៥ វិនាទីបន្ទាប់ពីចាប់ផ្តើមតង់ទី២ Diaz បានស៊ុតបាល់កោងចូលជ្រុងឆ្ងាយខាងក្រោមនៃទី បន្ថែមគ្រាប់ទី២ របស់ខ្លួនក្នុងការប្រកួតនេះ។

 

មិនយូរប៉ុន្មាន Kane បានស៊ុតបញ្ចូលទីគ្រាប់ទី១០២ របស់ខ្លួននៅ Bundesliga ក្នុងការបង្ហាញខ្លួនលើកទី១០០ ដោយគ្រាន់តែប៉ះបាល់បញ្ចូលទី បន្ទាប់ពីទទួលបាល់បញ្ជូនកាត់ពី Nathaniel Brown។

 

នៅសល់ ២០ នាទីមុនចប់ការប្រកួត Diaz បានបំពេញ Hat-trick យ៉ាងអស្ចារ្យ ដោយស៊ុតជើងស្តាំយ៉ាងខ្លាំងពីគែមតំបន់ពិន័យបញ្ចូលជ្រុងខាងក្រោមនៃទី។

 

Andrija Maksimovic បានស៊ុតបញ្ចូលទីមួយគ្រាប់តាមពីក្រោយសម្រាប់ក្រុមភ្ញៀវ នៅម៉ោងបន្ថែម ដោយស៊ុតយ៉ាងល្អចូលជ្រុងខាងលើនៃទី។

 

Bayern បានស៊ុតចំគោលដៅចំនួន ១៧ លើក មុនពេល Leipzig មានឱកាសស៊ុតចំគោលដៅជាលើកដំបូងនៅនាទីទី៧៨។ Bayern អាចនឹងរកគ្រាប់បាល់បានច្រើនជាងនេះ ប្រសិនបើអ្នកចាំទី Vandevoordt មិនបានសង្គ្រោះបាល់ចំនួន ១១ លើក។

 

លទ្ធផលស្មើ ០-០ របស់ Borussia Dortmund ជាមួយ Union Berlin កាលពីព្រឹកថ្ងៃសៅរ៍ បានធ្វើឱ្យ Bayern ឡើងទៅឈរកំពូលតារាងជាបណ្តោះអាសន្ន ដោយមាន ១៤ ពិន្ទុ។ ទោះជាយ៉ាងណា Freiburg អាចឡើងទៅនាំមុខពីរពិន្ទុ ប្រសិនបើពួកគេយកឈ្នះ Bayer Leverkusen នៅថ្ងៃអាទិត្យ។

 

ការប្រកួតបន្ទាប់របស់ Bayern គឺត្រូវជួប Arsenal ក្នុងពានរង្វាន់ Champions League នៅកីឡដ្ឋាន Allianz Arena នាថ្ងៃពុធ ទី២១ ខែតុលា វេលាម៉ោង ២០:០០ តាមម៉ោង BST។

...

 

ចំណែកឯ RB Leipzig នៅតែបន្តបង្ហាញទម្រង់លេងឡើងចុះខ្លាំងក្នុងរដូវកាលនេះ ដោយបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាង បន្ទាប់ពីឈ្នះការប្រកួតក្នុងដីចំនួន ៣ លើក និងចាញ់ការប្រកួតក្រៅដីចំនួន ៣ លើក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print