ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យទី ១៨ ខែ តុលា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យលោកអនុសេនីយ៍ឯក លុយ សុភា នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លំាង ទៅបង្ក្រាបឧបករណ៍នេសាទ របាំងស្បៃមុងប្រវែងជាង ១,២០០ ម៉ែត្រ ដែលនៅតែដាក់បំពានរំលោភច្បាប់ស្ដីពីពីជលផលនៅក្នុងភូមិសាស្ត្រ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានក្រុមទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ជាក់ថា ទោះបីថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាក តែដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ថ្ងៃនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតំបន់ភូមិសាស្ត្រឃុំសំព្រោច ស្រុកស្ទោង ដោយបានកាប់បំផ្លាញចោលរបាំងស្បៃមុងនៅនឹងន្លែងចំនួន ៣១ របាំង ដែលមានប្រវែងជាង ១,២០០ ម៉ែត្រ ។ ឡុកស្បៃមុង ៣១ គ្រឿង លូឬលបស្បៃមុង ចំនួន ៣៥ មាត់ បង្គោលរបាំងឈេីចំនួនប្រមាណជាង ៥០០ ដេីម និងចានិងចាក់លែងកូនត្រីចម្រុះប្រមាណជាង ៥០ គីឡូក្រាម ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបន្តអំពាវនាវដល់បងប្អូនប្រជានេសាទ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់តទៅទៀត ពិសេសរបាំងស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាត ព្រោះវាបានបំផ្លាញដល់ធនធានមច្ឆជាតិរបស់យើង ។ ដូច្នេះចូលយើងរួមគ្នាការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យបាន កុំឲ្យកេីតមានឡេីងជាថ្មីទៀត ដេីម្បីសង្គមជាតិយើងទាំងអស់គ្នា និងសម្រាប់កូនចៅយេីងនៅជំនាន់ក្រោយៗទៀត ។
នៅក្នុងឱកាសនេះដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៍បានណែនាំដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដី ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡេីយ ពិសេសត្រូវកាប់បំផ្លាញចោលឲ្យអស់ នូវឧបករណ៍នេសាទ របាំងស្បៃមុងដែលច្បាប់បានហាមឃាត់ និងការឆក់ត្រីគ្រប់ប្រភេទ និងនៅគ្រប់ទីកន្លែង៕










