ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នេះ, មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ (បួនលាន ប្រាំបីរយម្ភៃប្រាំពីរពាន់ ប្រាំបួនរយហុកសិបប្រាំ) ដុល្លារអាម៉េរិក ពីសប្បុរសជនសរុបចំនួន ៤៨ ៣៧៦ រូប គិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
ស្របពេលជាមួយគ្នានេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យ និងព្យាបាលទារក, កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួន ៤៦១ ៨៤៨ ករណី ដែលរួមមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៣០៥ ១៨៦ ករណី, ទារក និងកុមារមានជំងឺធ្ងន់ដាក់ឱ្យសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ៨៣ ៦១៤ ករណី, ជំងឺគ្រុនឈាមចំនួន ២៥ ៤៦០ ករណី, វះកាត់ទូទៅចំនួន ១០ ៤៣២ ករណី, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងចំនួន ៣១៩ ករណី, តាមដានផ្ទៃពោះចំនួន ៣១ ០៦៤ ករណី និងសម្រាលកូនចំនួន ៥ ៧៧៣ នាក់ ជាមួយនឹងចំណាយសរុបសមមូលនឹងចំនួនប្រមាណ ១៣ ៥៦៦ ៨៨៣ ដុល្លារអាម៉េរិក។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជន ដែលបានផ្តល់ការគាំទ្រ និងបន្តបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង។
មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីប្រភពស្របច្បាប់នានា ក្នុងគោលបំណងរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា។
សម្រាប់សាធារណជនដែលមានទឹកចិត្តសប្បុរស និងមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ, សូមចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ ឬតាមរយៈការទំនាក់ទំនងលេខទូរសព្ទ៖ ០៦១ ៧០ ១១១១ / ០១០ ៥៣៤ ៦៦៦៕ដោយ៖តារា










