ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦នេះ! មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ (បួនលាន ប្រាំបីរយម្ភៃប្រាំពីរពាន់ ប្រាំបួនរយហុកសិបប្រាំ) ដុល្លារអាម៉េរិក ពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ​៖​ មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នេះ, មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ (បួនលាន ប្រាំបីរយម្ភៃប្រាំពីរពាន់ ប្រាំបួនរយហុកសិបប្រាំ) ដុល្លារអាម៉េរិក ពីសប្បុរសជនសរុបចំនួន ៤៨ ៣៧៦ រូប គិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

ស្របពេលជាមួយគ្នានេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យ និងព្យាបាលទារក, កុមារ និងស្ត្រីមានផ្ទៃពោះសរុបចំនួន ៤៦១ ៨៤៨​ ករណី ដែលរួមមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៣០៥ ១៨៦ ករណី, ទារក និងកុមារមានជំងឺធ្ងន់ដាក់ឱ្យសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ៨៣ ៦១៤ ករណី, ជំងឺគ្រុនឈាមចំនួន ២៥ ៤៦០ ករណី, វះកាត់ទូទៅចំនួន ១០ ៤៣២ ករណី,​ វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងចំនួន ៣១៩ ករណី, តាមដានផ្ទៃពោះចំនួន ៣១ ០៦៤ ករណី និងសម្រាលកូនចំនួន ៥ ៧៧៣ នាក់ ជាមួយនឹងចំណាយសរុបសមមូលនឹងចំនួនប្រមាណ ១៣ ៥៦៦ ៨៨៣ ដុល្លារអាម៉េរិក។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជន ដែលបានផ្តល់ការគាំទ្រ និងបន្តបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីប្រភពស្របច្បាប់នានា ក្នុងគោលបំណងរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា។

សម្រាប់សាធារណជនដែលមានទឹកចិត្តសប្បុរស និងមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ, សូមចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ ឬតាមរយៈការទំនាក់ទំនងលេខទូរសព្ទ៖ ០៦១ ៧០ ១១១១ / ០១០ ៥៣៤ ៦៦៦៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print