កាយដីដាំដំណាំ ប្រទះឃើញរូបបដិមាមួយអង្គ ប្រគល់ជូនមន្ត្រីជំនាញយកទៅរក្សាទុក

ចែករំលែក៖

ខេត្តសៀមរាប ៖ រូបបដិមាមួយអង្គ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ គ្រាដែលជីកកាយដីដាំដំណាំ រួចប្រគល់ជូនមន្ត្រីជំនាញយកទៅរក្សាទុក ជាសម្បត្តិបេតិកភណ្ឌនៅក្នុងសារមន្ទីរ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

រូបបដិមា ជាទេវរូបស្រី ក្នុងទម្រង់ ដៃកាន់ផ្កាឈូក និងមានទម្រង់រូបរាងស្ថិតក្នុងរចនាបថអង្គរ ។

បើតាមពលរដ្ឋឈ្មោះ ឡុង សុផល ជាអ្នកប្រទះឃើញ បានឱ្យដឹងថា ខណៈដែលគាត់ និងឪពុកម្នាក់ទៀត បានជីកកាយដី ក្នុងបរិវេណផ្ទះ យកទៅចាក់បំពេញក្នុងផ្ទះ និងដើម្បីដាំដំណាំផង ស្រាប់តែកាយប៉ះរូបបដិមាអង្គនេះតែម្តង ។

បន្ទាប់ពីប្រទះឃើញ បានទាក់ទងអាជ្ញាធរ និងជូនដំណឹងទៅកាន់មន្ត្រីជំនាញ ដើម្បីទទួលយកទៅរក្សាទុក ជាសម្បត្តិបេតិកភណ្ឌនៅក្នុងសារមន្ទីរជាតិ ។

តាមលោក មាស ឫទ្ធីរ៉ាថេត អនុប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានបញ្ជាក់ថា តាមរយៈការចុះពិនិត្យដោយផ្ទាល់ពីមន្ត្រីជំនាញ ក្រុមការងារបានរកឃើញថា រូបបដិមានោះគឺជា រូបបដិមាភេទស្រី ជាទេវរូបភេទស្រី ដែលមានដៃកាន់ផ្កាឈូក និងមានទម្រង់រូបរាងស្ថិតក្នុងរចនាបថអង្គរ ឬរចនាបថឃ្លាំង អាចជាទេវរូបព្រះនាងលក្ស្មី ដែលមានកម្ពស់ប្រហែល ៧០សង់ទីម៉ែត្រ និងមានសភាពបែកបាក់ស្រាប់ទៅហើយ ។

ក្រោយពេលពិនិត្យ និងធ្វើកំណត់ហេតុប្រគល់ទទួលរួច ក្រុមការងារនឹងយកទៅចុះបញ្ជី និងរក្សាទុកដាក់ក្នុងសារមន្ទីរ ដើម្បីជាប្រយោជន៍រួម និងការពារសម្បត្តិវប្បធម៌ជាតិ។ ក្នុងនាមជាមន្ត្រីជំនាញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប លោកបានធ្វើការសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការជីកសាងសង់ ឬប្រទះឃើញវត្ថុបុរាណផ្សេងៗដោយចៃដន្យ សូមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬ មន្ទីរពាក់ព័ន្ធ ដើម្បីមន្ត្រីជំនាញចុះពិនិត្យ រៀបចំ និងយកទៅរក្សាទុកកន្លែងដែលមានសុវត្ថិភាព ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print