ខេត្តកំពង់ស្ពឺ÷ ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:៥០ នាទី នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីគ្រឿងញៀនចំនួន១ករណី ស្ថិតនៅភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន:ទី១ឈ្មោះវ៉ា ស្រីប៉ិច ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ និងទិ២ឈ្មោះ ភ័ក្ក្រ នឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ជប់ (ទម្ងន់ ៥.៧៥ក្រាម),ម៉ូតូចំនួន០១គ្រឿង ម៉ាក Beat ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ1KV-1357,ខ្សៀជក់ចំនួន០២និងកូនកន្ត្រៃចំនួន០១ផងដែរ។
ក្រោមវិធានជំនាញលុះរហូតដល់វេលាម៉ោង១១:៣០ នាទី ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត ស្ថិតនៅចំណុចភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនសង្ស័យរួមមាន:ទី១ឈ្មោះ សាំង រ៉ុម ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និង២.ឈ្មោះ ឡាក់ រី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចប្បន្នរស់នៅភូមិ រើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ព្រមទាំងចាប់យកវត្ថុតាងរួមមាន:កាំភ្លើងកៃច្នៃចំនួន០២ដើម,ម៉ូតូចំនួន០២គ្រឿង,ដាវចំនួន០១ដើម,ទូរស័ព្ទចំនួន០២គ្រឿង,កាបូបដៃចំនួន០១,លោហៈធាតុពណ៍លឿងចំនួន០៣ខ្សែ(ខ្សែក)និងថង់ច្រក់ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










