បុរសម្នាក់ឌុបគេទៅទិញគ្រឿងញៀនបានកម្រៃជើងសារ ២កញ្ចប់ ត្រូវនគរបាលល្បាតឃាត់ខ្លួន ខណៈបក្ខពួក ៣នាក់ទៀតកំពុងគេចខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល÷ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន រួមជាមួយថ្នាំញៀនចំនួន ២កញ្ចប់មធ្យម ខណៈបក្ខពួក ៣នាក់ទៀតកំពុងរត់គេចខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន បន្ទាប់ពីរូបគេបានឌុបបក្ខពួកទៅទិញគ្រឿងញៀនរួចទទួលបានកម្រៃជើងសារជាថ្នាំញៀន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាល ពីវេលាម៉ោង២៣និង០៥នាទី យប់ កាលពីថ្ងៃទី១៨ តុលា ២០២៦ នៅត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅក្នុងករណីនេះមានជនសង្ស័យចំនួន ៤នាក់ ប៉ុន្តែឃាត់ខ្លួនបានម្នាក់ឈ្មោះ វន ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ភ្លាមៗនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន ២កញ្ចប់មធ្យមទម្ងន់ ៥,៩៦ក្រាម សម្ភារវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន រួមទាំងទូរស័ព្ទចំនួន ១គ្រឿងម៉ាក Oppo ពណ៌ទឹកប្រាក់លាយលឿង។ លោកអធិការបានបន្តថា ចំណែកជនសង្ស័យ ៣នាក់ទៀតដែលកំពុងគេចខ្លួនរួមមានទី១ ឈ្មោះ ម៉ែន សំអុន (ប្រុស, ៣២ឆ្នាំ) ទី២ ឈ្មោះ ក្រូច (ប្រុស, ៣២ ឆ្នាំ) និងទី៣ ឈ្មោះ ក្តាន់ (ប្រុស, ៣៥ឆ្នាំ) មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំបានល្បាតក្នុងភូមិសាស្ត្រ លុះពេលមកដល់ចំណុចកើតហេតុក៏បានឃើញឈ្មោះ វន ធី កំពុងនៅលើផ្លូវលំដោយមានការ សង្ស័យ។ ពេលនោះ កម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ តែជនសង្ស័យបានព្យាយាមរត់គេចខ្លួន ប៉ុន្តែរត់មិនរួចក៏ត្រូវបានឃាត់ខ្លួន និងត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន ២កញ្ចប់មធ្យមដាក់នៅក្នុងកូនកាបូបស្ពាយចំហៀង ទើបនាំខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ។

ប្រភពដដែលបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វន ធី ឆ្លើយសារភាពថា ថ្នាំញៀនចំនួន ២កញ្ចប់មធ្យមនេះគឺជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានឌុបឈ្មោះ ម៉ែន សំអុន និងឈ្មោះ ក្រូច ទៅទិញថ្នាំញៀនពីឈ្មោះ ក្តាន់ នៅកណ្តាលបឹង។ ក្រោយពេលទិញរួច ខ្លួនបានឌុបពួកគេមកវិញ ហើយអ្នកទាំងពីរក៏បានឲ្យថ្នាំញៀនម្នាក់ ១កញ្ចប់មធ្យមមកខ្លួនសម្រាប់ជាថ្លៃឈ្នួល ហើយជនសង្ស័យរូបនេះក៏បានសារភាពដែរថាខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល ៣ឆ្នាំមកហើយ។ លោកអធិការបានបន្ថែមថា ក្រោយទទួលបានចម្លើយសារភាព នៅវេលាម៉ោង៨និង៥០នាទី ព្រឹកកាលពីថ្ងៃទី១៩ តុលា ២០២៦ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយប៉ុស្តិ៍គគីរធំ ចុះទៅដល់ផ្ទះរបស់ឈ្មោះ ម៉ែន សំអុន ប៉ុន្តែជនសង្ស័យរូបនេះបានរត់គេចខ្លួនបាត់ទៅហើយ។

បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួនបាន រួមទាំងវត្ថុតាង ត្រូវបានកម្លាំងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលសេសសល់យកមកផ្តន្ទាទោស៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print