បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដោយយករថយន្តទៅលក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដោយយករថយន្តទៅលក់ បន្ទាប់ពីឃាត់ខ្លួនបានកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវបេតុង ៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមព័ត៌មានពីសមត្ថកិច្ច ជនរងគ្រោះឈ្មោះ សេង លីហួត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ជាតំណាងក្រុមហ៊ុន Chailease Royal Finance PLC។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ សុខពៅ រិទ្ធតុលា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់រថយន្ត និងស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់សមត្ថកិច្ច កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ ម៉ឹង រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ បានទាក់ទងទៅក្រុមហ៊ុន Chailease Royal Finance PLC ដើម្បីស្នើសុំកម្ចីទឹកប្រាក់ចំនួន ១៦.៥០០ដុល្លារអាមេរិក សម្រាប់ទិញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខ្មៅ ឆ្នាំផលិត២០១០ ពាក់ស្លាកលេខភ្នំពេញ 2BF-4008 ដោយបង់រំលស់រយៈពេល៨៤ខែ និងបង់ប្រាក់ប្រចាំខែចំនួន៤៣៥ដុល្លារអាមេរិក។

ប្រភពដដែលបានឱ្យដឹងថា ក្រោយមក ឈ្មោះ ម៉ឹង រ៉ា មិនបានបំពេញកាតព្វកិច្ចបង់ប្រាក់តាមកិច្ចសន្យា ហើយនៅសល់ប្រាក់ដើមដែលត្រូវសងចំនួន១៦.២២៩ដុល្លារអាមេរិក។ ជននេះក៏ត្រូវបានរាយការណ៍ថា បានគេចវេសពីការទទួលខុសត្រូវ និងកាត់ផ្តាច់ប្រព័ន្ធ GPS ដែលក្រុមហ៊ុនបានបំពាក់នៅលើរថយន្ត ធ្វើឱ្យក្រុមហ៊ុនពិបាកតាមដានទីតាំងរថយន្ត។

លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ តំណាងក្រុមហ៊ុនបានប្រទះឃើញគណនីតេឡេក្រាមឈ្មោះ «តុលា» ដែលត្រូវបានរាយការណ៍ថា ជាគណនីរបស់ឈ្មោះ សុខពៅ រិទ្ធតុលា បានបង្ហោះលក់រថយន្តម៉ាកខាងលើ។ បន្ទាប់មក តំណាងក្រុមហ៊ុនបានទាក់ទងទៅជនសង្ស័យ ដើម្បីសុំមើលរថយន្ត និងបានណាត់ជួបគ្នានៅស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវបេតុង ៣០ម៉ែត្រ ក្នុងខណ្ឌដង្កោ។

នៅពេលជនសង្ស័យបើករថយន្តមកដល់ទីតាំងណាត់ជួប តំណាងក្រុមហ៊ុនបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយរថយន្ត រួចរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះអន្តរាគមន៍។

វត្ថុតាងដែលសមត្ថកិច្ចបានទទួលរួមមាន៖
១. រថយន្តម៉ាក TOYOTA PRIUS ពណ៌ខ្មៅ ឆ្នាំផលិត២០១០ ចំនួនមួយគ្រឿង។
២. ស្លាកលេខភ្នំពេញ 2BF-4008 ចំនួនពីរសន្លឹក។
៣. ទូរស័ព្ទដៃម៉ាក iPhone 16 ពណ៌ខៀវ ចំនួនមួយគ្រឿង។
៤. នាឡិកាដៃម៉ាក ZINVO ចំនួនមួយគ្រឿង។

ក្រោយមក តំណាងក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងឈ្មោះ សុខពៅ រិទ្ធតុលា ឈ្មោះ ម៉ឹង រ៉ា និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុខពៅ រិទ្ធតុលា បានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលបញ្ចាំរថយន្តខាងលើពីឈ្មោះ ម៉ឹង រ៉ា ក្នុងតម្លៃ៥.០០០ដុល្លារអាមេរិក និងបានយករថយន្តនោះទៅដាក់លក់ប្រាកដមែន។ តាមព័ត៌មានសមត្ថកិច្ច ឈ្មោះ ម៉ឹង រ៉ា ត្រូវបានរាយការណ៍ថា កំពុងគេចខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...


ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print