អតីតនាយកប្រតិបត្តិ Google លោក Eric Schmidt កាន់កាប់ភាគហ៊ុនប្រហែល ១% នៅក្នុងក្រុមហ៊ុន Anthropic ដែលអាចធ្វើឱ្យលោកក្លាយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលបានប្រាក់ចំណេញដ៏ច្រើនបំផុត នៅពេលក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្មីថ្មោងនេះចូលផ្សារហ៊ុនជាសាធារណៈ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg News កាលពីថ្ងៃចន្ទ។
យោងតាមរបាយការណ៍ដែលដកស្រង់ប្រភពពីបុគ្គលដែលដឹងពីបញ្ហានេះ លោក Schmidt បានវិនិយោគប្រាក់រាប់សិបលានដុល្លារអាមេរិកក្នុងជុំប្រមូលទុន Series A របស់ Anthropic។ ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា លោកបានលក់ភាគហ៊ុនមួយចំនួនរបស់ខ្លួនចេញចាប់តាំងពីពេលនោះមកឬអត់នោះទេ។
អ្នកតំណាងរបស់លោក Schmidt បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះ។ ចំណែក Anthropic មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយទេ។
ការគ្រោងបោះផ្សាយភាគហ៊ុនលក់ជាសាធារណៈលើកដំបូង (IPO) របស់ Anthropic ត្រូវបានគេរំពឹងថា នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់វិនិយោគិនដំបូងៗ និងបុគ្គលិករបស់ក្រុមហ៊ុន។
កាលពីសប្តាហ៍មុន Reuters បានរាយការណ៍ថា វិនិយោគិនមួយចំនួនបានពិភាក្សាអំពីការវាយតម្លៃតម្លៃក្រុមហ៊ុន Anthropic ប្រហែល ១,៥ ទ្រីលានដុល្លារអាមេរិក នៅក្នុងកិច្ចប្រជុំជាមួយវិនិយោគិន។ តួលេខនេះទាបជាងការរំពឹងទុកពីមុន ដែលមានប្រមាណ ២ ទ្រីលានដុល្លារ។
នៅក្នុងសេចក្តីព្រាងឯកសារសម្រាប់ IPO ដែល Reuters បានឃើញកាលពីខែកញ្ញា Anthropic បានបង្ហាញចក្ខុវិស័យថា បញ្ញាសិប្បនិម្មិតនឹងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោកយ៉ាងជ្រាលជ្រៅជាងបដិវត្តន៍ឧស្សាហកម្ម ការប្រើប្រាស់អគ្គិសនី និងការរីកចម្រើននៃអ៊ីនធឺណិតទៅទៀត។
Amazon និង Google គឺជាវិនិយោគិនដំបូងៗរបស់ Anthropic ដោយបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារ និងផ្តល់សមត្ថភាពកុំព្យូទ័រលើប្រព័ន្ធ Cloud ដែលចាំបាច់សម្រាប់ការអភិវឌ្ឍ និងដំណើរការម៉ូដែល AI Claude របស់ក្រុមហ៊ុន។
លោក Schmidt បានកាន់តំណែងជានាយកប្រតិបត្តិ Google ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១១។ បន្ទាប់មក លោកបានបន្តធ្វើជាប្រធានប្រតិបត្តិនៃក្រុមហ៊ុនមេ Alphabet មុនពេលចុះចេញពីតំណែងនៅខែមករា ឆ្នាំ២០១៨៕










