ភ្នំពេញ៖ ក្រោយបែកបាក់ប្តីទីមួយជាជនជាតិកាណាដាអស់ជាច្រើនឆ្នាំ ពិធីការិនីសម្តីផ្អែមអ្នកនាង ខៀវ សានសាណាសម្រេចចិត្តចូលរោងការជាថ្មីជាមួយជាមួយគូស្នេហ៍ថ្មីជាជនជាតិអូស្ត្រាលីវិញម្តង។ នាងនឹងចូលរោងការជាផ្លូវការជាមួយអនាគតស្វាមីនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនៅភ្នំពេញ ហើយភ្ញៀវជាអ្នកសិល្បៈនឹងមិនមានច្រើននោះទេ។
គេចាំបានថាកាលពីអំឡុងឆ្នាំ២០០៩ពិធីការិនីល្បីល្បាញ នាង ខៀវ សានសាណា បានរួមរស់ជាមួយនឹងអតីតស្វាមី លោក ដូឡាល់ដ៍ បូវសឺរ (Donald Bowser) ជាមន្ត្រីអង្គសហប្រជាជាតិដោយមិនឆ្លងកាត់ការរៀបការតាមទំនៀមទម្លាប់ខ្មែរទេ។ ប៉ុន្តែអ្នកមេម៉ាយកូន២រូបនេះនឹងរៀបការប្តីថ្មីនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះ ខណៈដែលភ្ញៀវពិសេសជាង២០០នាក់ប៉ុណ្ណោះដែលនឹងត្រូវបានអញ្ជើញរួចរាល់ហើយដែរក្នុងនោះក៏មិនមានវត្តមានអ្នកសិល្បៈច្រើននោះដែរ។
ពិធីការិនីទូរទស្សន៍My TV អ្នកនាង ខៀវសាន សាណាបញ្ជាក់ថា ពិធីមង្គលការនាងនឹងមិនមានការរៀបចំគ្រប់ទម្រង់នៃទំនៀមទម្លាប់ខ្មែរទេ ព្រោះតែនាងនិងស្វាមីសុទ្ធតែធ្លាប់រៀបការម្តងរួចមកហើយ។ នាងបញ្ជាក់ថា មិនមានពិធីចូលរោង សូត្រមន្តនោះទេនៅថ្ងៃទី៧ខែតុលា ប៉ុន្តែចាប់ពីព្រឹកថ្ងៃទី៨ខែតុលាទៅនឹងមានពិធីហែជំនូន កាត់សក់ ចងដៃនៅក្នុងសណ្ឋាគារ ឡឺរ៉ូយ៉ាល់តែម្តង។ អ្នកនាងបានថ្លែងការសុំទោសចំពោះតារាសិល្បៈ ដោយសារតែអ្នកនាងរៀបចំតិចតួច ហើយភាគច្រើនគឺអញ្ជើញអ្នកជំនួញដែលជាមិត្តជិតស្និទ្ធិរបស់នាងនិងអនាគតស្វាមី។ អ្នកនាងខៀវ សានសាណា ប្រាប់ថា លោក Seraj Satton ជានាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅក្នុងប្រទេសកម្ពុជា និងជាបុរសពោះម៉ាយកូនមួយ។
ក្រោយរៀបការនាងនឹងដឹកដៃស្វាមីទីចេញទៅក្រេបទឹកឃ្មុំនៅបណ្តាប្រទេសជាច្រើនដូចជាទីក្រុងហុងកុង ប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អ៊ឺរ៉ុប។
គួរបញ្ជាក់ដែរថា ខៀវ សានសាណាបានរៀបការស្ងាត់ៗក្នុងវិហារគ្រឹះ នៅកាណាដាកាលឆ្នាំ២០០៩ហើយពេលនេះ អ្នកនាងមានកូន២នាក់ គឺកូនប្រុសច្បង សេមមី បូវសឺរ (Sammy Bowser ) អាយុជាង៥ឆ្នាំ និងកូនទី២ស្រីពៅ ដូនណា បូវសឺរ (Donna Bowser) អាយុជាង៤ឆ្នាំ និងកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់នាងនៅកម្ពុជា៕
ដោយ៖ វឌ្ឍនា