ខេត្តកំពង់ស្ពឺ៖ មន្ត្រីជំនាញបានបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៥០ករណី ក្នុងរយៈពេល ២ខែចុងក្រោយនេះ នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ ដោយបានទប់ស្កាត់សកម្មភាពទន្ទ្រានដីព្រៃ កាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃ ព្រមទាំងបទល្មើសពាក់ព័ន្ធផ្សេងទៀត។
ជាក់ស្តែង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំការិយាល័យឧទ្យានជាតិគិរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីកាប់គាស់ រុករាន ឆ្ការ ដុត និងដាំដំណាំ ដើម្បីយកដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ១ករណី នៅចំណុចខាងលើអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច។ ករណីនេះមិនបានជួបជនសង្ស័យនៅកន្លែងកើតហេតុទេ ហើយមន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកជនល្មើស ដើម្បីចាត់ការតាមនីតិវិធីនៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
តាមរបាយការណ៍ ក្នុងរយៈពេលចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសសរុបចំនួន ៥០ករណី ដែលពាក់ព័ន្ធនឹងការរំលោភបំពានលើធនធានធម្មជាតិ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិ។
បទល្មើសទាំងនោះរួមមាន ការបោះបង្គោលហ៊ុមព័ទ្ធដីក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិចំនួន ៣៤ករណី លើផ្ទៃដីប្រមាណ ១៩,៥៧ហិកតា ក្នុងនោះមាន ៥ករណី ត្រូវបានបញ្ជូនទៅតុលាការ លើផ្ទៃដីសរុប ២,៨៥ហិកតា។ ការកាប់គាស់ និងរុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ មានចំនួន ៥ករណី លើផ្ទៃដីប្រមាណ ៣,៥២ហិកតា។
ក្រៅពីនេះ មន្ត្រីជំនាញបានរកឃើញករណីដាក់អន្ទាក់ចាប់សត្វព្រៃចំនួន១ករណី ដោយដកហូតអន្ទាក់ចំនួន ១៥ខ្សែ និងប្រទះឃើញសត្វស្វាងាប់១ក្បាលជាប់អន្ទាក់។ ករណីកាប់រំលំ និងបំផ្លាញព្រៃឈើមានចំនួន ៤ករណី ដោយដកហូតឈើប្រភេទលេខ២ (ឈើស្រល់) ចំនួន ៦ដើម និង ៤សន្លឹក។ ចំណែកករណីរុករានទន្ទ្រានដី និងសង់រោងដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត មានចំនួន ៤ករណី និងករណីបាញ់ថ្នាំសម្គាល់ព្រំដីមានចំនួន ២ករណី។
មន្ត្រីជំនាញ បញ្ជាក់ថា ការបង្ក្រាបបទល្មើសទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» ជាពិសេសមុំយុទ្ធសាស្ត្រទី២.១ ស្តីពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់។ ជាមួយគ្នា ក្រសួងក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានសហការផ្តល់ព័ត៌មាន និងចូលរួមការពារធនធានធម្មជាតិនេះ។
ជុំករណីខាងលើនេះ មន្ត្រីឧទ្យានុរក្សប្រចាំការិយាល័យឧទ្យានជាតិគិរីរម្យ នឹងបន្តចុះល្បាត និងទប់ស្កាត់បទល្មើសបន្ថែមទៀត ដើម្បីការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិឱ្យបានគង់វង្ស ព្រមទាំងធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព៕
ដោយ៖ ជ្រោយពេជ្រ










