ខេត្តស្វាយរៀង៖ ក្រុមជំនាញ អ.គ.ល.ក. សហការជាមួយអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យ និងវាយតម្លៃគុណភាព កាស៊ីណូ វីនវីន (WIN WIN Casino) ក្រុងបាវិត។
ជាក់ស្តែង នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកឧត្ដមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) ព្រមទាំងបានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃគុណភាពដោយផ្ទាល់នៅទីតាំងកាស៊ីណូ វីនវីន (WIN WIN Casino) ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា កិច្ចប្រជុំ និងការចុះពិនិត្យជាក់ស្តែងនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង, លោកស្នងការរងនគរបាលខេត្ត ព្រមទាំងតំណាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ការចុះត្រួតពិនិត្យ និងវាយតម្លៃនាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងពិនិត្យមើលលក្ខខណ្ឌបច្ចេកទេស សន្តិសុខ សណ្តាប់ធ្នាប់ និងគុណភាពនៃការផ្តល់សេវាកម្មស្របតាមស្តង់ដារកំណត់ សំដៅធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព និងការគ្រប់គ្រងអាជីវកម្មល្បែងពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ជាធរមាន៕
ដោយ៖ សុថាន










