ខេត្តបាត់ដំបង ៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥:៣០នាទី នៅចំណុចភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ៅ សុវណ្ណ អធិការនគរបាលស្រុករុក្ខគិរី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១០៦៧ ពស.ព្រស ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ របស់លោក/លោកស្រី ជួន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ ឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិទួលគគីរ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖ សីហា សែនសុខ









