ខេត្តបាត់ដំបង៖ មន្ត្រីកសិកម្មខេត្តបាត់ដំបង បានលេីកឡេីងថា តម្លៃដំឡូងមីរបស់កសិករក្នុងខេត្តបាត់ដំបងក្នុងឆ្នាំនេះ បានហក់ឡើងជាងឆ្នាំមុនស្ទើរគ្រប់តាមបណ្តាស្រុកគោលដៅ ខណៈដែលទីផ្សារក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់។
មន្ត្រីកសិកម្មរូបនេះ បានលេីកឡេីងបន្ថែមថា តម្លៃដំឡូងមី នៅក្នុងឆ្នាំ២០២៦ បានហក់ឡើងខ្ពស់ជាងឆ្នាំមុន។ សម្រាប់មើមស្រស់លក់បានចន្លោះពី ៣៥០រៀល ដល់ ៣៨០ រៀល ក្នុង១គីឡូក្រាម ខណៈឆ្នាំមុនបានចន្លោះពី ២១០រៀល ដល់ ២២០រៀល ក្នុង១គីឡូក្រាម។
សូមជម្រាបជូនថា ដំឡូងមីនៅក្នុងខេត្តបាត់ដំបង កសិករដាំដុះច្រើនតាមស្រុកគោលដៅចំនួន ៧ មាន ស្រុករុក្ខគីរី បាណន់ សំឡូត រតនៈមណ្ឌល កំរៀង ភ្នំព្រឹក សំពៅលូន លើផ្ទៃដីសរុបប្រមាណ ១១៩.៦០០ ហិកតា។
បើតាមប្រជាកសិកររស់នៅក្នុងស្រុកបាណន់ អ្នកស្រី ឈាង មុំ បានរៀបរាប់ថា អ្នកស្រីសប្បាយចិត្ត ដែលបានដឹងថាទិន្នផលដំឡូងមីឆ្នាំនេះមានទីផ្សារល្អ។
ប្រជាកសិកររូបនេះ បានអះអាងថា អ្នកស្រីក៏មិនទាន់ប្រមូលផលទេ គឺទុករហូតដល់ចុងឆ្នាំទើបប្រមូលផល ព្រោះអ្នកស្រីរំពឹងថា នឹងមានតម្លៃល្អបន្ថែមទៀត បើសិនអ្នកស្រីប្រមូលផលនៅចុងខែធ្នូ ខណះឆ្នាំនេះអ្នកស្រីបានដាំលើផ្ទៃដីទំហំ ៥ ហិកតា ។
ការរំពឹងទុករបស់កសិករ ស្របពេលដែលទីផ្សារក្នុងស្រុកមិនលំបាកក្នុងការលក់ចេញ ហើយតម្លៃក៏បានប្រសើរជាងឆ្នាំមុន។ កន្លងទៅកសិករក៏មានការព្រួយបារម្ភបាត់បង់ចំណូល ដោយសារជំនន់ទឹកភ្លៀងមួយរយះចុងក្រោយអាចប៉ះពាល់ដល់ទិន្នផល ប៉ុន្តែស្ថានការណ៍ក៏បានប្រសើរឡើងវិញ និងបានបង្កើនទិន្នផលច្រើនជាងឆ្នាំកន្លងទៅ។
គួរបញ្ជាក់ដែរថា វគ្គដាំដុះដំឡូងមីបានបញ្ចប់នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៦ និងចាប់ផ្តើមប្រមូលផលនៅពាក់កណ្តាលខែកញ្ញានិងខែធ្នូខាងមុខនេះ៕
ដោយ៖តារា










