ទីក្រុងប៉ីហៃ៖ កម្ពុជាបានលើកឡើងនូវអាទិភាពសំខាន់ចំនួន៣ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន–ចិន រួមមាន ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ការសហការផលិតមាតិកាដែលគោរពភាពចម្រុះនៃវប្បធម៌ និងការបង្កើតឱកាសសម្រាប់អ្នកជំនាញវ័យក្មេង ព្រមទាំងស្ថាប័នផ្សព្វផ្សាយដែលមានធនធានតិច។ នេះបេីយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
អាទិភាពទាំងនេះ ត្រូវបានលើកឡើងដោយ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីបើកសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន–ចិន លើកទី៨ កាលពីថ្ងៃទី១៩ តុលាថ្មីៗនេះ នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តក្វាងស៊ីជនជាតិជាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមមូលបទ «ការពង្រឹងសមត្ថភាពតាមរយៈបញ្ញាសិប្បនិម្មិត ការរួមគ្នាបង្កើត និងអនាគតរួម»។
ថ្លែងក្នុងឱកាសនោះ លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាវេទិកាដ៏មានតម្លៃសម្រាប់ប្រែក្លាយគោលបំណងរួមទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របពេលដែលឆ្នាំ២០២៦ ជាខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន–ចិន។ តាមរយៈនិទានកថា និងការចែករំលែកព័ត៌មាន កម្មវិធីប្រព័ន្ធផ្សព្វផ្សាយអាចជួយឱ្យប្រជាជនយល់កាន់តែច្បាស់ពីជីវភាព វប្បធម៌ និងបំណងប្រាថ្នារបស់គ្នាទៅវិញទៅមក។
ចំពោះអាទិភាពទី១ លោកបានបញ្ជាក់ថា បញ្ញាសិប្បនិម្មិតអាចជួយដល់ការបកប្រែ ការដាក់អក្សររត់ពីក្រោម (Subtitle) និងការផលិតកម្មវិធី ដើម្បីពង្រីកការផ្សព្វផ្សាយឆ្លងកាត់របាំងភាសា។ ទោះជាយ៉ាងណា ការប្រើប្រាស់បច្ចេកវិទ្យានេះ ទាមទារនូវការត្រួតពិនិត្យផ្នែកនិពន្ធដោយមនុស្ស ការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ការគោរពកម្មសិទ្ធិបញ្ញា និងត្រូវពង្រឹងសមត្ថភាពសម្គាល់មាតិកាដែលត្រូវបានកែច្នៃបំភាន់ ព្រមទាំងបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត នៅពេលមាតិកានោះអាចធ្វើឱ្យទស្សនិកជនយល់ច្រឡំ។
សម្រាប់អាទិភាពទី២ កម្ពុជាបានលើកទឹកចិត្តឱ្យស្ថាប័នផ្សព្វផ្សាយអាស៊ាន និងចិន សហការគ្នា ចាប់ពីការអភិវឌ្ឍសាច់រឿង រហូតដល់ការបកប្រែ និងការចាក់ផ្សាយសាច់រឿង ដើម្បីបង្កើតកម្មវិធីដែលផ្តល់ទាំងការកម្សាន្ត និងចំណេះដឹង ដោយឆ្លុះបញ្ចាំងនូវបទពិសោធន៍ជាមូលដ្ឋាន និងគោរពភាពចម្រុះនៃវប្បធម៌។ ការប្រកួតភាពយន្តខ្នាតខ្លីអាស៊ាន–ចិន និងសកម្មភាពបញ្ចូលសំឡេង និងការចាក់ផ្សាយកម្មវិធី ត្រូវបានលើកឡើងថាជាឱកាសសម្រាប់ជំរុញការសហការនេះ។
ចំណែកអាទិភាពទី៣ ផ្តោតលើការធានាឱ្យបាននូវអនាគតរួម និងការផ្តល់ឱកាសដល់គ្រប់ភាគី ជាពិសេសអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេង និងស្ថាប័នដែលមានធនធានតិច។ លោកបានលើកឡើងពីសារៈសំខាន់នៃការបោះជំរំពិធីករវ័យក្មេងអាស៊ាន–ចិន ក្នុងការកសាងជំនាញ និងបណ្តាញទំនាក់ទំនងយូរអង្វែង ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ ដើម្បីឱ្យអ្នកផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាអាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។ លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ថា អាទិភាពទាំងនេះស្របនឹងយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអភិវឌ្ឍមូលធនមនុស្ស និងវិស័យឌីជីថល។
ក្រសួងព័ត៌មានកំពុងជំរុញការធ្វើទំនើបកម្មវិស័យផ្សព្វផ្សាយសាធារណៈ ពង្រឹងជំនាញវិជ្ជាជីវៈ និងដោះស្រាយបញ្ហាព័ត៌មានមិនពិត ព្រមទាំងលើកកម្ពស់សមត្ថភាពប្រជាពលរដ្ឋក្នុងការវាយតម្លៃព័ត៌មានដោយការត្រិះរិះពិចារណា។ កម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពយូរអង្វែងជាមួយចិន និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ «ត្បូងពេជ្រឆកោណ» ព្រមទាំងបង្ហាញបំណងពង្រីកការផ្លាស់ប្តូរកម្មវិធីសោតទស្សន៍ ការបណ្តុះបណ្តាលបច្ចេកទេស និងកិច្ចសហប្រតិបត្តិការផ្នែកផ្សព្វផ្សាយឌីជីថល ជាមួយរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន និងដៃគូប្រព័ន្ធផ្សព្វផ្សាយចិន។
នៅចុងបញ្ចប់ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងចិន ដើម្បីប្រែក្លាយមូលបទនៃព្រឹត្តិការណ៍នេះទៅជាសកម្មភាពជាក់ស្តែង។ ឯកឧត្តមលោកក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ ចូលរួមបន្តទំនាក់ទំនង និងតាមដានឱកាសសហប្រតិបត្តិការក្រោយព្រឹត្តិការណ៍នេះ ដោយគូសបញ្ជាក់ថា តម្លៃនៃកិច្ចសហប្រតិបត្តិការនឹងឆ្លុះបញ្ចាំងតាមរយៈកម្មវិធីទៅដល់ទស្សនិកជនថ្មីៗ ជំនាញដែលអ្នកវិជ្ជាជីវៈទទួលបាន និងការយល់ដឹងគ្នាកាន់តែប្រសើររវាងប្រជាជនអាស៊ាន និងចិន៕
ដោយ៖តារា










