បុរស២នាក់កំពុងបាចជីស្រូវពេលមេឃកំពុងរលឹម ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ របួសម្នាក់ដួលក្នុងស្រែ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អុ្នកស៊ីឈ្នូលបាចជីស្រូវចំនួន០២នាក់ ត្រូវរន្ទះបាញ់ពេលមេឃកំពុងភ្លៀងរលឹម បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដួលសន្លប់នៅក្នុងស្រែ  កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ តុលា ស្ថិតនៅចំណុច «បឹងតាអឿ» ក្នុងភូមិអង្គ្រង  ឃុំជ្រៃ  ស្រុកមោងប្ញស្សី ។

 

សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះទាំង០២នាក់ដែលរងគ្រោះដោយរន្ទះបាញ់ មានម្នាក់ឈ្មោះ បាន កែវ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិឃុំកើតហេតុ (ស្លាប់នៅចំណុចកើតហេតុ) និងឈ្មោះ នី រឿម ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិឃុំ កើតហេតុ (រងរបួសធ្ងន់) ។

 

ជនរងគ្រោះទាំង០២នាក់ត្រូវរន្ទះបាញ់នៅពេលពួកគាត់កំពុងដើរបាចជីស្រូវក្នុងស្រែ ស្របពេលមេឃកំពុងភ្លៀងរលឹមស្រិចៗលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់បោកបក់យ៉ាងខ្លាំងក្លាផង ។

 

ជនរងគ្រោះដែលរងរបួសត្រូវបានអ្នកភូមិ និងក្រុមគ្រួសារជួយអន្តរាគមន៍ភ្លាមៗជួយដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព  ខណៈជនរងគ្រោះម្នាក់ទៀតបានដួលស្លាប់យ៉ាងរន្ធត់នៅក្នុងស្រែជាមួយនឹងសម្ពាយធុងដាក់ជី ។

 

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានចេញសេចក្ដី ជូនដំណឹងស្ទើររៀងរាល់មួយសប្ដាហ៍ម្ដង ស្ដីពី«ស្ថានភាពអាកាសធាតុក្នុងខេត្តបាត់ដំបង» ។ សេចក្ដីជូនដំណឹងរបស់មន្ទីរនេះ បានប្រាប់អំពីស្ថានភាពអាកាសធាតុប្រែប្រួលជាប្រចាំ ដែលបង្កឲ្យមានភ្លៀងធ្លាក់ពីខ្សោយ មធ្យម បង្គូរ ឬខ្លាំង ហើយថែមទាំងបានប្រាប់ពីសីតុណ្ហភាព និងនិយាយពីការប្រែប្រូលនៃអាកាសធាតុនាំឲ្យមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទៀតផង ។  ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូមិធម្មជាតិបែបនេះ ដែលអាចកើតឡើងដោយយថាហេតុ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print