ខេត្តកំពង់ស្ពឺ៖ ស្ពានដែកភ្លើង ដែលឆ្លងកាត់ស្ទឹងតូច ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានផ្អាកចរាចរណ៍ឆ្លងកាត់ទាំងស្រុងជាបណ្តោះអាសន្ន បន្ទាប់ពីទឹកហូរច្រោះដាច់ផ្នែកជើងទម្រស្ពាន បង្កហានិភ័យដល់សុវត្ថិភាពអ្នកធ្វើដំណើរ។
ការផ្អាកចរាចរណ៍នេះ ត្រូវបានរដ្ឋបាលស្រុកសំរោងទងប្រកាសកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយសារស្ថានភាពស្ពានរងការខូចខាត ក្រោយមានភ្លៀងធ្លាក់ និងទឹកហូរច្រោះផ្នែកខាងក្រោមជើងទម្រស្ពាន។
ស្ពាននេះស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង តាមកំណាត់ផ្លូវលេខ១៤១ ដែលតភ្ជាប់ពីផ្សារព្រៃផ្តៅ លើផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ១៣០។
ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាន រដ្ឋបាលស្រុកបានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរដែលមានគោលដៅឆ្លងកាត់ផ្លូវនេះ ឱ្យប្រើប្រាស់ផ្លូវលេខ៤១ ឬជ្រើសរើសផ្លូវផ្សេងទៀតជំនួសវិញ រហូតដល់មានការជូនដំណឹងថ្មី៕
...
ដោយ៖ ជ្រោយពេជ្រ










