ប្រទេសម៉ាឡេស៊ីបានកត់ត្រាអត្រាគ្មានការងារធ្វើទាបបំផុតក្នុងរយៈពេល ១១ ឆ្នាំ កាលពីខែវិច្ឆិកាកន្លងទៅ ដោយស្ថិតនៅត្រឹម ២,៩% ខណៈចំនួនអ្នកគ្មានការងារធ្វើបានធ្លាក់ចុះមកនៅត្រឹម ៥១៨.៤០០ នាក់។
យោងតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី លើកចុងក្រោយដែលអត្រាគ្មានការងារធ្វើធ្លាក់ចុះក្រោម ៣% គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤។
ប្រធានស្ថិតិ លោក Mohd Uzir Mahidin បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចអំណោយផលកាលពីខែវិច្ឆិកា បានបន្តជួយគាំទ្រដល់កំណើនប្រកបដោយស្ថិរភាពនៃទីផ្សារការងារ។
ចំនួនអ្នកមានការងារធ្វើបានកើនឡើង ០,២% បើធៀបនឹងខែមុន ដល់ ១៧,០៩ លាននាក់ ខណៈចំនួននិយោជិតដែលត្រូវបានចាត់ថ្នាក់ជាបុគ្គលិកមានការងារធ្វើ បានកើនឡើង ០,១% ដល់ ១២,៧៨ លាននាក់។
លោក Mohd Uzir បានបញ្ជាក់ថា ទីផ្សារការងាររបស់ម៉ាឡេស៊ីត្រូវបានរំពឹងថានឹងបន្តមានស្ថិរភាព និងរក្សាកំណើនវិជ្ជមានក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ការរំពឹងទុកនេះទទួលបានការគាំទ្រពីឱកាសការងារថ្មីៗក្នុងវិស័យយុទ្ធសាស្ត្រ កម្មវិធីបណ្តុះបណ្តាលជំនាញថ្មី និងការលើកកម្ពស់ជំនាញដែលមានស្រាប់ ព្រមទាំងកំណើនការងារដែលមានតុល្យភាពជាងមុនរវាងតំបន់ទីក្រុង និងជនបទ។
វិស័យសំខាន់ៗដែលជំរុញកំណើនការងារ រួមមាន វិស័យសុខាភិបាលមនុស្ស ការងារសង្គម ពាណិជ្ជកម្មលក់ដុំ និងរាយ ព្រមទាំងសេវាស្នាក់នៅ និងម្ហូបអាហារ។
កំណើនក៏ត្រូវបានកត់ត្រាផងដែរក្នុងវិស័យកសិកម្ម ឧស្សាហកម្មផលិតកម្ម សំណង់ និងការជីកយករ៉ែ និងថ្ម៕










