ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងធ្វើឱ្យខូចខាតដោយ ចេតនា ដោយមានការប្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ តាមលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់១២៩២ក្នុងភូមិសាស្ត្រស្រុកសំរោងទង។
ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៧:៣៥ នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋ រាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថាមានករណីហិង្សាក្នុងគ្រួសារ និងធ្វើឱ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៨:០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងពីជនរងគ្រោះខាងលើ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់កន្លែងកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ កែវ វណ្ណៈ ត្រូវជាម្ដាយបង្កើត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។ ជនសង្ស័យមាន ឈ្មោះ ហួច សោភា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕
ដោយ៖ សុរិយា










