ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បង្ក្រាបករណីជួញដូរដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត។
នគរបាលក្រុងស្វាយរៀងបានអោយដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង ចុះបង្ក្រាបទីតាំងលួចលាក់ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ស្ថិតនៅភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ប្រុស ព្រមទាំងបានដកហូត សារធាតុញៀនចំនួន៥កញ្ចប់ (ធំ១កញ្ចប់) ម៉ូតូ ០២គ្រឿង ទូរស័ព្ទដៃ ០៥គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាក់ខេត្ត ចាត់ការតាមច្បាប់៕
ដោយ៖ សុថាន










