ជំនន់ទឹកភ្លៀងជន់លិចផ្លូវ និងប៉ះពាល់ផ្ទះពលរដ្ឋ ១៦៧គ្រួសារ នៅស្រុកពញាឮ អាជ្ញាធររៀបចំទីទួលសុវត្ថិភាព២កន្លែង

ចែករំលែក៖

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋក្នុងឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ កំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យផ្ទះសម្បែង ផ្លូវថ្នល់ និងដំណាំស្រូវមួយចំនួនរងការជន់លិច ខណៈអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងរៀបចំទីតាំងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

 

យោងតាមរបាយការណ៍ស្ថានភាពគ្រោះទឹកជំនន់ គិតត្រឹមម៉ោង ២:៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានប៉ះពាល់ឃុំចំនួន២ ស្មើនឹង៦ភូមិ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ នៅឃុំជ្រៃលាស់ ផ្ទះប្រជាពលរដ្ឋចំនួន១៦៧គ្រួសារ ស្មើនឹង១៦៧ខ្នងផ្ទះ បានរងផលប៉ះពាល់ ក្នុងនោះមានភូមិតាពេទ្យ ៩៩គ្រួសារ ភូមិស្លែង ៦៧គ្រួសារ និងភូមិទួលព្រិច ១គ្រួសារ។ ជាមួយគ្នានេះ ផ្លូវក្រាលកៅស៊ូលេខ១៥១ ប្រវែងប្រមាណ៣០០ម៉ែត្រ ត្រូវបានទឹកជន់លិចក្នុងកម្ពស់ចន្លោះពី៣តឹកទៅ៥តឹក ព្រមទាំងផ្លូវបេតុង និងផ្លូវក្រាលគ្រួសក្រហមប្រវែងប្រមាណ២០០ម៉ែត្រផងដែរ។

 

មិនត្រឹមតែប៉ះពាល់ដល់ផ្ទះសម្បែង និងការធ្វើដំណើរប៉ុណ្ណោះទេ ដំណាំស្រូវមួយចំនួននៅភូមិត្រពាំងសង្កែ ភូមិតាតូច ភូមិតាពេទ្យ ភូមិស្លែង និងភូមិព្រៃសុពណ៌ ក៏រងផលប៉ះពាល់ដោយសារទឹកជំនន់ដែរ ប៉ុន្តែមិនទាន់មានទិន្នន័យខូចខាតជាក់លាក់នៅឡើយ។ ចំណែកឃុំឈ្វាំង ផ្លូវក្រាលកៅស៊ូលេខ១៥១ ប្រវែងប្រមាណ៥០ម៉ែត្រ ក៏រងការជន់លិចផងដែរ។

 

ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក កំពុងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរឃុំ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបណ្ដោះអាសន្នចំនួន២ទីតាំង គឺសាលាអនុវិទ្យាល័យហ៊ុនសែនតាពេទ្យ ស្ថិតនៅភូមិតាពេទ្យ និងសាលាបឋមសិក្សាអង្គស្លែង ស្ថិតនៅភូមិស្លែង ក្នុងឃុំជ្រៃលាស់។ ស្ថានភាពនេះតម្រូវឱ្យអាជ្ញាធរបន្តតាមដានកម្ពស់ទឹក និងយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលរស់នៅតំបន់ងាយរងគ្រោះ ព្រមទាំងត្រៀមអន្តរាគមន៍បន្ថែម ប្រសិនបើស្ថានភាពទឹកជំនន់បន្តកើនឡើង៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print