ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានស្នើសុំឱ្យប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច ក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសការលុបបំបាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋានខ្លួន ។
លោក ឯក ឃុនដឿន បានស្នើសុំបែបនេះ ខណៈលោកតំណាង លោក ឃួង ស្រេង អភិបាលរាជធានី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌទួ លគោក នីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ នៅបរិវេណវិទ្យាល័យជា ស៊ីម សាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយមានការចូលរួមពីលោក ជួប ខុន សមា ជិកក្រុមប្រឹក្សា តំណាងលោក ម៉ប់សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា៖ ល្បែងស៊ីសងមិនបានធ្វើឱ្យយើងរីកចំរើនទេ តែវាបានធ្វើឱ្យយើងវិនាស ដូចជាល្បែងឆ្នោត(កន្ទុយលេខ) ឡូតូនិងល្បែងស៊ីសងផ្សេងៗទៀត ដូច្នេះសុំប្រជាពលរដ្ឋសហការជាមួយសមត្ថ កិច្ចក្នុងការលុបបំបាត់ល្បែងស៊ីសងទាំងនេះ ពិសេសការលុបបំបាត់ ល្បែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ចំណែកសមត្ថកិច្ចប៉ូលីសនិងកងរាជអាវុធហត្ថខណ្ឌ ត្រូវអនុវត្តការងារនេះឱ្យបានម៉ឺងម៉ាត់បំផុត។
វេទិកានេះមានសំណើរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ ចំនួន១១បញ្ហា និងដោយផ្ទាល់មាត់ចំនួន៣រូប ក្នុងនោះ មានការស្នើសុំឱ្យអាជ្ញាធររាជធានីជួយដោះស្រាយបើកផ្លូវលេខ៣២៤Z ក្រោយពីពួកគាត់បានស្នើសុំយូឆ្នាំហើយ,ការស្នើសុំប្រមូលជនអាណាថានៅតាមផ្លូវ៦៥៦ ក្នុងសង្កាត់ទឹកល្អក់ទី៣,ស្នើសុំកាប់ដើមចាន់គីរីមួយដើមនៅសង្កាត់ទឹកល្អក់ទី៣ ដើម្បីបង្ការកុំឱ្យបានហានីភ័យដល់ប្រជាពលរដ្ឋនិងស្នើឱ្យមានវិធានការចំពោះការរំខានដោយតារាងបាល់ទាត់មួយកន្លែងនៅលើផ្លូវ៦៥៦សង្កាត់ទឹកល្អក់ទី៣ផងដែរ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា៖ អាជ្ញាធរនិងធ្វការដោះស្រាយជូនតាមសំណើរចំពោះការស្នើសុំបើកផ្លូវលេខ៣២៤Z គឺមានប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន៦គ្រួសារនិងត្រូវរុះរើផ្ទះទាំងស្រុង៣គ្រួសារ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធររាជធានីភ្នំពេញនឹងបន្តជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរងប៉ះពាល់ទាំងនេះ ដើម្បីឈានទៅដល់ការបើកផ្លូវលេខ៣២៤Zនេះ។ចំណែកសំណើរជាលាយលក្ខណ៍អក្សរវិញ អាជ្ញាធររាជធានីនិងធ្វើការដោះស្រាយជូននៅពេលក្រោយទៀត។
លោក ជួប ខុន បានលើកឡើងដែរថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព),ការអភិវឌ្ឍមូលដ្ឋាន,សុខមាលភាពប្រជាពលរដ្ឋនិងបរិស្ថាន,ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន។
លោក ជួប ខុន បានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឱ្យអាជ្ញាធរ ក្តាប់បានពីតម្រូវការចង់បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ធ្វើឱ្យជីវភាពនិងការរស់នៅរបស់ពួកគាត់កាន់តែ មានការអភិវឌ្ឍរីកចម្រើនថែមទៀត៕
















