ខេត្តសៀមរាប ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកំលាំងព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកប្រាសាទបាគង បានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយម្នាក់ ប្តឹងចោទប្រកាន់ទៅលើប្តី របស់ខ្លួនឈ្មោះ ប្រាក់ គីមឡេង អាយុ៥៩ ឆ្នាំ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រសាទបាគង ខេត្តសៀមរាប ( មុខរបរ សារពត៌មាន អំណាចខ្មែរ ) ថាបានបំពាន ផ្លូវភេទ ទៅលើកូនស្រី របស់ខ្លួន ឈ្មោះ ឡ គ ឡ អាយុ ១៥ ឆ្នាំ ភ្លាម កម្លាំងនគរបាលជំនាញ បានសាកសួរ និងសម្ភាសន៏ ជនរងគ្រោះ។
ក្មេងស្រីរងគ្រោះបាន រៀបរាប់ ប្រាប់នគរបាលឱ្យដឹងថា ឪពុកនាងបានប្រព្រឹត្ត មកលើខ្លួនចំនួន៧ លើកមកហើយ ដោយលើកចុងក្រោយ នៅថ្ងៃទីមិនចាំ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ០០នាទី ធ្វើឡើងនៅក្នងផ្ទះរបស់ជនសង្ស័យ ដែលស្ថិតនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែក្មេងស្រីនាងមិនព្រម ចេះតែរើបម្រះ ទើបមិនបានសម្រេច។
ក្មេងស្រីរងគ្រោះបានបន្តថា ម៉្យាងវិញទៀតឪពុកនាងអាចប្រព្រឹត្តបែបនេះបាន ដោយសារម្តាយនាងមិននៅផ្ទះ ព្រោះរវល់ទៅធ្វើការរោងចក្រ ក្នុងទីក្រុងភ្នំពេញអស់រយៈពេល ១ឆ្នាំមកហើយ ហើយឆ្លៀតនេះឪពុករូបនេះ បានមានឱកាសយកស្រីកំណាន់ មកនៅក្នុងផ្ទះជាមួយ ក្នុងរយៈពេល ១ឆ្នាំនេះផងដែរ។
ក្មេងស្រីរងគ្រោះបានប្រាប់ថា ទង្វើដែលឪពុករូបនេះបានប្រព្រឹត្ត គឺបិទទ្វារផ្ទះមុខជិតមិនឲ្យជាប់ Camera សុវត្ថិភាព ដែលស្រីកំណាន់គាត់ ក៏មិនដឹងដែរ ពីព្រោះស្ត្រីនោះទៅក្រៅផ្ទះបាត់ ។
ក្មេងស្រីរងគ្រោះបានបន្ថែមថា រឿងនេះ នាងមិនហ៊ានប្រាប់ម្តាយទេខ្លាចខ្មាសម្តាយ តែក្រោយមកម្តាយនាងបានទាស់គ្នា ជាមួយស្រីកំណាន់ឪពុក គាត់ជេរដៀលគ្នា តាមឆាត Messenger ហើយប្រាប់ថា នាងបើកដៃឲ្យឪពុកចាប់ដោះលេង។ បន្ទាប់ពីឮ ដូច្នេះ ម្តាយនាងក៏ឡើងមកសៀមរាប នាំមកដាក់ពាក្យបណ្តឹងតែម្ដង។
នៅចំពោះមុខ សមត្ថកិច្ចយើង ជនសង្យ័យ មិនព្រមសារភាពឡើយ ប៉ុន្តែក្នុងករណីនេះសមត្ថកិច្ច ក៏ទទួលបាន សាក្សីម្នាក់ មានឈ្មោះ ឡ គ ល ភេទស្រី អាយុ ១១ឆ្នាំ ត្រូវជាកូន ជនសង្ស័យបង្កើត បានមកអះអាងថា ឃើញឪពុកបានចាប់ដោះបងស្រី របស់ខ្លួន ដោយផ្ទាល់ភ្នែក ហើយនាងបានយករឿងនេះទៅនិយាយប្រាប់ ស្រីកំណាន់ របស់ឪពុកខ្លួន។
យោងតាមពាក្យបណ្ដឹង និងការរៀបរាប់ របស់ជនរងគ្រោះ ព្រមទាំងសាក្សី ជនសង្ស័យ ត្រូវបាន នគរបាលនគរបាលខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង និងត្រូវបាន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនហើយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប










