ខេត្តពោធិ៍សាត់៖ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរការផលិតថាមពលអគ្គិសនីនៅចុងឆ្នាំ២០២៦។ គម្រោងនេះមានទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាម៉េរិក ហើយត្រូវបានរំពឹងថានឹងរួម ចំណែកផ្គត់ផ្គង់អគ្គិសនី កាត់បន្ថយហានិភ័យជន់លិចនៅក្រុងពោធិ៍សាត់ និងផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។
លោក ហ៊ុង ស៊ូយ៉ុង ប្រធានគ្រប់គ្រងគម្រោង បានឱ្យដឹងក្នុងដំណើរចុះពិនិត្យទីតាំងការដ្ឋាននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ថា គម្រោងនេះកំពុងឈានទៅរកការបញ្ចប់ការសាងសង់ និងត្រៀមដំណើរការផលិតថាមពលអគ្គិសនីតាមផែនការដែលបានកំណត់។
សូមបញ្ជាក់ថា ស្ថានីយវារីអគ្គិសនីស្ទឹងពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលសរុប ៨០មេហ្គាវ៉ាត់ ដោយដំឡើងម៉ាស៊ីនផលិតអគ្គិសនីចំនួន២គ្រឿង ដែលមានសមត្ថភាព ៤០មេហ្គាវ៉ាត់ក្នុងមួយគ្រឿង។ ចំណែកអាងស្តុកទឹកមានសមត្ថភាពផ្ទុកទឹកសរុប ១,២២៦៥ ពាន់លានម៉ែត្រគូប និងមានបរិមាណស្តុកទឹកកំណត់ ៩៩៩លានម៉ែត្រគូប។
ការងារសាងសង់សំខាន់ៗរួមមាន ការសាងសង់ផ្លូវបេតុង ទំនប់ទឹក ផ្លូវរូងក្រោមដី ផ្លូវបង្ហូរទឹក ការដំឡើងឧបករណ៍មេកានិច និងអគ្គិសនីនៅស្ថានីយ ព្រមទាំងការដំឡើងប្រព័ន្ធគ្រោងដែក និងតភ្ជាប់ប្រព័ន្ធបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល។
ក្រៅពីការផលិតអគ្គិសនីសម្រាប់បំពេញតម្រូវការប្រើប្រាស់ គម្រោងនេះក៏មានគោលដៅចូលរួមគ្រប់គ្រងទឹក និងកាត់បន្ថយផលប៉ះពាល់ពីការជន់លិចនៅក្រុងពោធិ៍សាត់ ព្រមទាំងផ្តល់ប្រភពទឹកសម្រាប់គាំទ្រដល់សកម្មភាពកសិកម្មក្នុងតំបន់ផងដែរ៕










