ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៦និង២១ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តដឹកកម្មករកម្មការិនីរោងចក្រក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ១២០/១២១ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ហេតុការណ៍នេះបណ្ដាលមកពីបែកកង់រថយន្ត។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា មានរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២R ០៥៣៩ បើកបរដោយឈ្មោះ យ៉ែម ណូរ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់ នៅភូមិត្រោកឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បានបើកបរពីទិសខាងលិចទៅកើត។ អ្នកបើកបរបានរងរបួសស្រាល ចំណែករថយន្តខូចខាតស្រាល។
លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានអ្នករួមដំណើរចំនួន ១០ នាក់ ដែលសុទ្ធសឹងជាកម្មកររោងចក្រ បានរងរបួស។ ក្នុងនោះ ឈ្មោះ អុិត អ៊ាន ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំប្រធាត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរងរបួសធ្ងន់ (បាក់ឆ្អឹងដងកាំបិតខាងស្ដាំ) ហើយអ្នករួមដំណើរ ៩ នាក់ផ្សេងទៀតបានរងរបួសស្រាល។ អ្នករងរបួសទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានអំពាវនាវដល់អ្នកបើកបរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ មុនពេលធ្វើដំណើរ៕
ដោយ៖ សុរិយា










