ខេត្តមណ្ឌលគិរី ៖ រថយន្តធុនធំប្រភេទវ៉េអងដែលដឹកឈើចេញពីក្រុមហ៊ុន មានទីតាំងនៅស្រុកកោះញែក ខេត្តមណ្ឌលគីរីកាលពីយប់រំលងអាធ្រាត ឈានចូលព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ត្រូវគេរាយការណ៍ថា មានចំនួន ៧ គ្រឿង ហើយមានមួយគ្រឿងដោយដឹកលើសចំណុះ បានរអិលថយក្រោយវិញកាត់ទទឹងផ្លូវ នៅម្ដុំចំណុចអូរមីស ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលធ្វើឲ្យកកស្ទះចរាចរណ៍មួយយប់ទល់ភ្លឺ រហូតដល់ម៉ោងជាង៨ព្រឹកនេះ ឃើញអាជ្ញាធរជួយចាត់ចែងដើម្បីសម្រួលចរាចរណ៍។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងក្រុមហ៊ុន ដឹកឈើផ្ទុកលើស PC ឬមួយយ៉ាងណា ទើបបណ្តាលឱ្យធ្លាក់កាត់ទទឹងផ្លូវ ? អង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» មិនអាចទំនាក់ទំនង សុំការបំភ្លឺបានទេពីលោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃខេត្តមណ្ឌលគិរី ដោយទូរសព្ទចូលអត់មានអ្នកទទួល ។
លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យផ្ទាល់ ឱ្យយកគ្រឿងចក្រ ដើម្បីស្ទួចទាញឡានដឹកឈើ ដើម្បីសម្រួលចរាចរណ៍ដល់អ្នកដំណើរ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ។
សូមបញ្ជាក់ថា ៖ យប់មុិញ ឡានដឹកឈើរបស់ក្រុមហ៊ុនមកពីស្រុកកោះញែក មានចំនួន ៧គ្រឿង ធ្លាក់ទទឹងផ្លូវនៅចំណុចអូរមីស ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ១គ្រឿង ឈានដល់ស្ទះចរាចរណ៍ ទើប១គ្រឿងទៀតយកមកចតមុខ ស្នាក់ការខណ្ឌរដ្ឋបាលព្រៃខេត្ត។ ដោយឡែកក្រុមហ៊ុន ៩៥ យប់មុិញដឹក ចំនួន ៤គ្រឿង ដោយម្ចាស់បានបញ្ជាក់ថា ជាប្រភេទអុស និងកំទេចអុសកិន មានPC ហើយដឹកមិនឱ្យលើសពីច្បាប់អនុញ្ញាតទេ ៕
ដោយ ៖ សិលា














