ខេត្តកំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។ ពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងជាតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ, មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផ្សេងទៀត។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ថ្លែងថា ខួប២០ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នេះគឺជាខួប២០ឆ្នាំនៃជោគជ័យកម្ពុជា ដែលធ្លាប់តែហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ និងចម្ការមីន ទៅជាកម្ពុជាថ្មី ដែលបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការចូលរួមរក្សាសណ្ដាប់ធ្នាប់តំបន់ និងសកល។
– សម្ដេចធិបតី បានធ្វើការកោតសរសើរវីរភាពរបស់កងទ័ពមួយខៀវកម្ពុជា ដែលតែងបង្ហាញសមត្ថភាព វិជ្ជាជីវៈ ការគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ការរក្សាបាននូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អនៅគ្រប់កន្លែងប្រតិបត្តិការ ក្នុងពេលបំពេញបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ ជាពិសេស ការការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ របស់កងយោធពលខេមរភូមិន្ទ របស់ពលរដ្ឋយើង។
– សម្ដេចធិបតី ថ្លែងអរគុណមិត្តបរទេសទាំងអស់ ពិសេស អូស្ត្រាលី ឥណ្ឌា អាម៉េរិក បារាំង ជប៉ុន ចិន កូរ៉េខាងត្បូង និងរុស្ស៊ី ដែលបានជួយហ្វឹកហាត់បំពាក់បំប៉នទាំងជំនាញ និងភាសា និងឧបត្ថម្ភសម្ភារហ្វឹកហ្វឺន ដើម្បីលើកកម្ពស់កម្រិតសមត្ថភាពកម្លាំងជាតិកម្ពុជាស្របតាមស្ដង់ដាររបស់អង្គការសហប្រជាជាតិ។
– សម្ដេចធិបតី ថ្លែងអំណរគុណបញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលបានគាំទ្រលំហាត់យោធាពហុជាតិ ក្នុងក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមប្រតិបត្តិការសន្តិភាពជាសកល ដែលបានផ្ដល់ប្រយោជន៍ដល់ប្រទេសនានាជាការរៀនសូត្រ ដកពិសោធន៍ និងពង្រឹងសមត្ថភាព សម្រាប់បំពេញប្រតិបត្តិការសន្តិភាព ក្នុងតំបន់ និងសកលលោក។
នាឱកាសនោះដែរ លោក ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ កម្ពុជាបានរៀបចំបញ្ជូនកងកម្លាំងទៅចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិជាលើកដំបូងក្នុងប្រទេសស៊ូដង់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ដែលមានកងកម្លាំងសរុបចំនួន ១៣៥នាក់។
ដោយឡែកលោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នា២០០៦មក កងកម្លាំងរក្សាសន្តិភាពកម្ពុជា ប្រមាណ ១០៩០០នាក់ ក្នុងនោះមានស្ត្រីជាង១០០០នាក់ បានបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន១០ក្នុងទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗទៀត។
កងកម្លាំងបោសម្អាតមីន វិស្វកកម្ម ពេទ្យ អាវុធហត្ថ នាយទាហានកម្ពុជា បានទទួលការគោរពយ៉ាងធំធេង ចំពោះវិជ្ជាជីវៈ វិន័យ និងភាពក្លាហានរបស់ពួកគេ។ ការឃ្លាតឆ្ងាយពីមាតុភូមិ ការប្រឈមជារឿយនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតខ្លួន កងកម្លាំងកម្ពុជា បានការពារជនស៊ីវិល ជួយបន្ធូរភាពតានតឹង ជួយសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ និងបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរកដំនោះស្រាយនយោបាយ។
ក្នុងនាមUN លោកអគ្គលេខាធិការ សូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះកងកម្លាំងរក្សាសន្តិភាពកម្ពុជាគ្រប់រូប។
លោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា បានឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្ញើនូវសារសាទរ និងកោតសរសើរចំពោះកងកម្លាំងកម្ពុជាទាំងបុរស និងស្ត្រី ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការចូល រួមរក្សាសន្តិភាពពិភពលោកក្រោមឆត្រអង្គការសហប្រជាជាតិ។
លោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា បានបន្តថា កាលពីជាង ៣ ទសវត្សរ៍មុន កម្ពុជាបានទទួលកងកម្លាំងរបស់អង្គការសហប្រជាជាតិ ដើម្បីមករក្សាសន្តិភាពនៅកម្ពុជា។ ថ្ងៃនេះកងកម្លាំងកម្ពុជា បាន និងកំពុងបំពេញ បេសកកម្មរក្សាសន្តិភាពយ៉ាងសកម្មនៅប្រទេសនានា ក្រោមទង់អង្គការសហប្រជាជាតិ។ កម្ពុជាជាប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រោយមកបានក្លាយជាប្រទេសដែលបានបញ្ជូនកងកម្លាំងទៅចូលរួមយ៉ាងសកម្មដើម្បីរក្សាសន្តិភាពនៅប្រទេសនានាក្រោមឆត្រអង្គការសហប្រជាជាតិ។
គួរជម្រាបជូនថា កម្ពុជាធ្លាប់ទទួលវត្តមានបេសកកម្មអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ព្រោះតែធ្លាប់រងគ្រោះដោយសារតែសង្គ្រាមប៉ុន្តែមកដល់ពេលនេះ គឺមានរយះពេល២០ ឆ្នាំមកហើយ ដែល បានក្លាយជាប្រទេសបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មដើម្បីសន្តិភាព និង សន្តិសុខអន្តរជាតិ ក្នុងចំណោមប្រទេស ចំនួន១០ដែលកំពុងរងគ្រោះដោយសារតែ សង្គ្រាមដូចគ្នាដែរ ហើយ ក្នុង រយះពេល២០ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវសរុបចំនួន១០៩១៤នាក់ ស្ថិតនៅលំដាប់លេខ២៦ នៃប្រទេសចំនួន១១៤៕
ដោយ៖តារា










