គ្រូពេទ្យកុមារដែលហាត់ប្រដាល់ដើម្បីបន្ធូរភាពនឿយហត់ពីការងារនៅមន្ទីរពេទ្យ ឈ្នះជើងឯកពិភពលោកក្នុងវ័យ ៣៥ ឆ្នាំ

ចែករំលែក៖

គ្រូពេទ្យកុមារជនជាតិកូរ៉េខាងត្បូង លោកស្រី Seo Ye-kyeng បានឈ្នះខ្សែក្រវាត់ជើងឯកប្រដាល់ពិភពលោក បន្ទាប់ពីព្យាយាមជាលើកទី៣ ដោយផ្តួលកីឡាការិនីប្រដាល់ថៃ Wisuta Sririttidet ឱ្យសន្លប់ក្នុងការប្រកួតនៅទីក្រុងសេអ៊ូល។

 

យោងតាមសារព័ត៌មាន Korea JoongAng Daily លោកស្រី Seo ដែលតំណាងឱ្យក្លិបប្រដាល់ Cheonan Beat Son Jung-oh Boxing Gym បានឈ្នះខ្សែក្រវាត់ទម្ងន់អប្បបរមានារីរបស់សមាគមប្រដាល់អន្តរជាតិនារី (WIBA) នៅសណ្ឋាគារ Swiss Grand Hotel ភាគខាងលិចទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៧ ខែតុលា។

 

សារព័ត៌មានកីឡាកូរ៉េ MK Sports បានរាយការណ៍ថា លោកស្រីបានផ្តួលកីឡាការិនី Sririttidet ឱ្យដួលនៅទឹកទី២ ហើយបានផ្តួលនាងម្តងទៀតនៅវិនាទីទី៤៣ នៃទឹកទី៣ ដែលធ្វើឱ្យអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត។ ជ័យជម្នះនេះបានធ្វើឱ្យកំណត់ត្រាប្រកួតអាជីពរបស់លោកស្រីកើនដល់ ឈ្នះ ១១ ប្រកួត ចាញ់ ១ ប្រកួត និងស្មើ ៣ ប្រកួត។

 

ចំណែកកីឡាការិនីថៃ Sririttidet វ័យ ២៥ ឆ្នាំ បានចូលរួមប្រកួតក្នុងនាមជាម្ចាស់ខ្សែក្រវាត់ជើងឯកទម្ងន់ Atomweight ប្រចាំតំបន់អាស៊ីរបស់ក្រុមប្រឹក្សាប្រដាល់ពិភពលោក (WBC) ដែលជាប្រភេទទម្ងន់ស្រាលជាងប្រភេទទម្ងន់របស់លោកស្រី Seo មួយកម្រិត។

 

ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកលើកដំបូងរបស់លោកស្រី Seo ទល់នឹងកីឡាការិនីជប៉ុន Riyuna Yoshikawa នៅសណ្ឋាគារដដែល កាលពីខែមីនា ឆ្នាំ២០២៤ បានបញ្ចប់ដោយលទ្ធផលស្មើ។ ចំណែកការប្រកួតលើកទី២ ដើម្បីដណ្តើមខ្សែក្រវាត់ទំនេររបស់សមាគមប្រដាល់ពិភពលោក (WBA) ប្រភេទទម្ងន់អប្បបរមា នៅទីក្រុងតូក្យូ កាលពីខែមករា ឆ្នាំ២០២៥ លោកស្រីបានចាញ់កីឡាការិនីជប៉ុន Yuko Kuroki ដោយសេចក្តីសម្រេច់ជាឯកច្ឆន្ទរបស់ចៅក្រម។ នេះគឺជាការបរាជ័យតែមួយគត់ក្នុងអាជីពប្រដាល់របស់លោកស្រី។

 

លោកស្រី Seo វ័យ ៣៥ ឆ្នាំ គឺជាសាស្ត្រាចារ្យផ្នែកកុមារនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Soon Chun Hyang ក្នុងទីក្រុង Cheonan ភាគខាងត្បូងទីក្រុងសេអ៊ូល។ យោងតាមសារព័ត៌មាន The AsiaN លោកស្រីបានកាត់បន្ថយម៉ោងធ្វើការនៅមន្ទីរពេទ្យ ដើម្បីអាចហ្វឹកហាត់ប្រដាល់ពី ៥ ទៅ ៦ ថ្ងៃក្នុងមួយសប្តាហ៍។

 

កាលនៅសាលារៀន និងសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ លោកស្រីមិនសូវចាប់អារម្មណ៍លើកីឡានោះទេ។ ប៉ុន្តែបន្ទាប់ពីក្លាយជាគ្រូពេទ្យ លោកស្រីបានចាប់ផ្តើមហាត់ប្រដាល់នៅឆ្នាំ២០១៨ ដើម្បីបន្ធូរភាពតានតឹងពីការងារ និងការសិក្សា ហើយបានក្លាយជាកីឡាការិនីអាជីពនៅឆ្នាំបន្ទាប់។

 

លោកស្រីបាននិយាយក្នុងបទសម្ភាសន៍ដែលចុះផ្សាយដោយ Korea JoongAng Daily ថា៖ «ខ្ញុំមានភាពនឿយហត់ទាំងរាងកាយ និងផ្លូវចិត្ត ដោយសារការធ្វើការជាគ្រូពេទ្យ។ ខ្ញុំចាប់ផ្តើមហាត់ប្រដាល់ ដើម្បីជួយឱ្យខ្លួនឯងអាចទ្រាំទ្រនឹងស្ថានភាពនោះ និងបន្តដំណើរទៅមុខទៀត»។

 

មុនពេលឈ្នះខ្សែក្រវាត់ជើងឯកពិភពលោក លោកស្រីបានឈ្នះខ្សែក្រវាត់ជើងឯកថ្នាក់ជាតិនៃគណៈកម្មការប្រដាល់កូរ៉េ (Korea Boxing Commission) ក្នុងប្រភេទទម្ងន់ Light Flyweight ហើយនៅដើមឆ្នាំនេះ លោកស្រីក៏បានឈ្នះខ្សែក្រវាត់ជើងឯកទម្ងន់អប្បបរមានារីប្រចាំតំបន់អាស៊ីរបស់ WBA ផងដែរ។

 

លោកស្រី Seo បានមានប្រសាសន៍ថា៖ «ដើម្បីថែទាំអ្នកជំងឺរបស់ខ្ញុំឱ្យបានល្អ ខ្ញុំផ្ទាល់ក៏ត្រូវមានកម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្តដែរ។ ញើសដែលខ្ញុំបញ្ចេញនៅលើសង្វៀន ក៏ផ្តល់កម្លាំងដ៏មហិមាដល់ខ្ញុំ នៅពេលជួបអ្នកជំងឺក្នុងបន្ទប់ពិនិត្យផងដែរ»។

 

នៅក្នុងការបង្ហោះលើ Instagram លោកស្រីបានសរសេរថា៖ «ការប្រកួតនេះមានភាពលំបាក ដោយសាររបួសតិចតួច និងរយៈពេលត្រៀមខ្លួនដ៏យូរ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលបានក្លាយជាជើងឯកពិភពលោក»។

 

លោកស្រីក៏បានថ្លែងអំណរគុណដល់សមាជិកក្លិបប្រដាល់ និងមិត្តភក្តិដែលបានធ្វើដំណើរពីចម្ងាយ ដើម្បីមកគាំទ្រលោកស្រីក្នុងការប្រកួតនេះ។

...

 

លោកស្រីបានបញ្ជាក់ថា គោលដៅបន្ទាប់របស់លោកស្រី គឺការឈ្នះខ្សែក្រវាត់ជើងឯកពិភពលោកពីស្ថាប័នប្រដាល់ធំមួយក្នុងចំណោមស្ថាប័នទាំងបួន រួមមាន WBA, WBC, សហព័ន្ធប្រដាល់អន្តរជាតិ (IBF) និងអង្គការប្រដាល់ពិភពលោក (WBO)៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print