ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីស្ថានភាពកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយគាំពារប្រជាពលរដ្ឋ ក្រោមអភិក្រមមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ៖
ទី១. កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុងអត្រា ៤,០% សម្រាប់ឆ្នាំ២០២៦ និង ៤,៨% សម្រាប់ឆ្នាំ២០២៧។ នេះបើផ្អែកតាមការវាយតម្លៃឡើងវិញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើទិន្នន័យ៩ខែ ឆ្នាំ២០២៦ និងផ្តោតតែលើការវាយតម្លៃឡើងវិញនៃសមិទ្ធកម្មម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៦ និងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២៧។ ក្នុងឆ្នាំ២០២៧ ដែរ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ២៧៧ ដុល្លារអាម៉េរិក ធៀបនឹងឆ្នាំ២០២៦ ដែលមានត្រឹមតែ ៣ ០៩៨ ដុល្លារសម្រាប់មនុស្សម្នាក់។
កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៧ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម (អនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ ផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ និងថ្នាំជក់) ២. វិស័យសេវាកម្ម (អនុវិស័យបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារ លក់ដុំ-រាយ ដឹកជញ្ជូននិងស្តុកហិរញ្ញវត្ថុ ធានារ៉ាប់រង អចលនទ្រព្យ និងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍) និង៣. វិស័យកសិកម្ម (អនុវិស័យ ដំណាំ ចិញ្ចឹមសត្វ និងនេសាទ)។
ទី២. រាជរដ្ឋាភិបាលបន្តជួយចេញថវិកាយ៉ាងច្រើនដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈ និងជួយសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តាមរយៈការបន្តបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ/លីត្រ ដែលធ្លាប់បានធ្វើកន្លងមក, បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល និងបញ្ចុះពន្ធគយមក០(សូន្យ)ដុល្លារ។ ទោះជាយ៉ាងនេះក្តី ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងពី១០% មក៤% និងប្រេងម៉ាស៊ូតពី ១០% មក ០% ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី បានសម្រេចកាលពីពេលថ្មីៗនេះដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឥន្ធនៈ។ ប្រជាពលរដ្ឋប្រមាណជា ៤លាន៦សែននាក់ នៅទូទាំងប្រទេសនឹងទទួលបានការឧបត្ថម្ភក្នុងគម្រោងនេះ ដោយក្នុងមួយគ្រួសារទទួលបាន៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន៨ពាន់រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង៤ម៉ឺនរៀលសម្រាប់អ្នករស់នៅទីជនបទ។ លើសពីនេះ សមាជិកគ្រួសារម្នាក់ៗទទួលបានថវិកាឧបត្ថម្ភបន្ថែម ៥ពាន់រៀលទៀត។
រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ តាមដាន និងវាយតម្លៃស្ថានការណ៍ ក៏ដូចជាត្រៀមលក្ខណៈជាស្រេចក្នុងការដាក់ចេញវិធានការគាំទ្រនានា ក្នុងករណីចាំបាច់ ដើម្បីផ្ដល់ការគាំទ្រដល់ពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” និងស្របតាម “គោលការណ៍ណែនាំស្តីពីក្របខណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ការគិតគូរពីជីវភាពប្រជាពលរដ្ឋ ពិសេសពលរដ្ឋនៃគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាប្រពៃណីរបស់ថ្នាក់ដឹកនាំកម្ពុជា។ ការគិតគូរដល់ជីវភាពពលរដ្ឋតាមរយៈការដាក់ចេញគោលនយោបាយឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់បែបនេះត្រូវបានអនុវត្តតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់។ គោលនយោបាយបែបនេះបន្តរហូតមកដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ក្រៅពីនោះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដូចជា ស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍ដល់កុមារក្រីក្ររហូតដល់ចប់មធ្យមសិក្សា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៏ និងចាស់ជរាអាយុ៦០ឆ្នាំឡើង៕
ដោយ៖តារា










